(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួប ៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៣) ហើយដោយសារគណបក្សប្រជាជនកម្ពុជាទើបប្រទេសជាតិទាំងមូល មានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងខ្លាំង។
តាមរយៈបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យមុខមាត់កម្ពុជា ត្រូវបានស្តារឡើងវិញ និងធ្វើឲ្យពិភពលោកទទួលស្គាល់។ លោកអះអាងថា គណបក្សប្រជាកម្ពុជា ដើរតួសំខាន់ណាស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ហេតុនេះលោកស្នើប្រជាពលរដ្ឋ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ បន្តដឹកនាំនាវាកម្ពុជា កាន់តែរីកចម្រើន។
សូមជម្រាបថា ចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។
គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕