(ភ្នំពេញ)៖ នៅយប់ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្អាកផ្តល់ព័ត៌មាននានានៅលើហ្វេសប៊ុក (Facebook) ដោយងាកមកផ្តល់ព័ត៌មានតែលើ Telegram ប៉ុណ្ណោះ។
សម្តេចតេជោ បានផ្ញើសារតាម Telegram យ៉ាងដូច្នេះ «បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយពិនិត្យឃើញថា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថា បណ្តាញ telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។ ដូចនេះចាប់ពីពេលនេះទៅខ្ញុំផ្សាយចេញនូវព័ត៌មានរាប់ទាំងការផ្សាយផ្ទាល់តែតាមបណ្តាញ telegram ប៉ុណ្ណោះដែលពេលនេះមានជាង ៨៥មុឺននាក់បានភ្ជាប់រួចហើយ។ ការធ្វើដូចនេះ ងាយស្រួលដល់ខ្ញុំធ្វើទំនាក់ទំនងជាមួយប្រជាជននៅពេលខ្ញុំធ្វើ
ដំណើរទៅប្រទេសមួយចំនួន ដែលប្រទេសនោះមិនអនុញាតឱ្យប្រើFacebook»។
សម្តេចតេជោ បានបន្ថែមថា «ខ្ញុំរក្សា Facebook របស់ខ្ញុំ តែខ្ញុំផ្អាកប្រើ ដើម្បីឱ្យអ្នកធ្លាប់ទទួលព័ត៌មានពីខ្ញុំមកទទួលព័ត៌មានពីខ្ញុំតាម telegram, YouTube, instagram,។ ខ្ញុំកំពុងឲ្យបង្កើត Tik tok មួយ ដើម្បីខ្ញុំលេងកម្សាន្តជាមួយយុវជន។
បងប្អូនដែលចង់បានព័ត៌មានពីខ្ញុំសូមភ្ជាប់ Telegram ដូចជូនភ្ជាប់ជាមួយស្រាប់»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥។ មកដល់ពេលបច្ចុប្បន្នទំព័រ Facebook របស់សម្តេចតេជោ មានអ្នកចុច Like និង Follow ប្រមាណជា ១៤លាននាក់។
តាមរយៈបណ្តាញសង្គមទាំងនេះ សម្តេចតេជោតែងតែផ្សារភ្ជាប់នូវសកម្មភាពការងារនានាជាមួយប្រជាពលរដ្ឋ៕