(ភ្នំពេញ)៖ គ្មាននរណាម្នាក់នឹកស្មាន ដល់ទាល់តែសោះថា តារាសម្ដែងដ៏ស្រស់សោភា ថ្ពាល់ខួចទាំងសងខាង នាង សាត រស្មី ធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ ជាអតីតប្រពន្ធ របស់អតីតអ្នកប្រដាល់ និងជាតារាសម្ដែង លោក ជៀស ស្រួច សោះឡើយ ខណៈដែលអាថ៌កំបាំងនេះ ត្រូវបានលាក់បាំងយ៉ាងជិតឈឹង អស់រយៈពេលប្រមាណ ជាង១០ឆ្នាំមកហើយ។ នៅពេលដំណឹងត្រូវបានទម្លាយ បានធ្វើឲ្យទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែមិននឹកដល់ថា តារាសម្ដែង សាត រស្មី ពូកែលាក់ប្រវត្តិរបស់ខ្លួន បានជិតល្អបែបនេះសោះ ខណៈដែលនាងតែងតែបង្ហាញវត្តមាន យូរៗម្ដង សម្ដែងក្នុងខ្សែភាពយន្ត និងចម្រៀងខារ៉ាអូខេ។
អ្វីដែលបានបែកធ្លាយការពិត នៅពេលនេះ គឺបន្ទាប់ពីលោក ជៀស ស្រួច អតីតជាកីឡាករ និងជាតារាសម្ដែង បានបង្ហាញមុខគួរឲ្យភ្ញាក់ផ្អើល ក្នុងស្ថានភាពស្ទើរ មិនគួរឲ្យជឿ ពោលបានធ្លាក់ខ្លួនពីតារាសម្ដែង និងពីកីឡាករមានឈ្មោះល្បី ក្លាយជាកម្មករសំណង់ និងជាកម្មករអូសរទេះ រស់នៅតាមតំបន់ជាយដែន នៃក្រុងប៉ោយប៉ែត ធ្លាក់ខ្លួនត្រដាបត្រដួស ខុសដាច់ស្រឡះពីជីវិត កាលពីចូលសិល្បៈដំបូង។ អ្វីដែលកាន់តែធ្វើឲ្យមហាជន ចាប់អារម្មណ៍នោះ គឺលោក ជៀស ស្រួច បានទម្លាយអាថ៌ពីអតីតប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្លួន រហូតដល់ថ្នាក់លោកឈឺចិត្តស្អិតទ្រូង ដាច់ចិត្តវេចបង្វេចចាកចេញ ពីផ្ទះទាំងទឹកភ្នែក បន្ទាប់ពីរៀបការបានតែ២ខែប៉ុណ្ណោះ។
លោក ជៀស ស្រួច អ្នកសម្ដែងក្នុងបទ «ជីវិតអ្នកប្រដាល់» បានទម្លាយប្រាប់ក្នុងបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌ជើងចាស់ល្បីឈ្មោះម្នាក់ថា មូលហេតុដែលរូបលោកធ្លាក់ខ្លួនរហូតមកថ្ងៃនេះ ព្រោះតែលោកខូចចិត្តជាមួយនឹងអតីតប្រពន្ធ ដែលថ្លើមធំហ៊ានក្បត់ខ្លួន លួចលាក់មានស្នេហាជាមួយកូនប្រុសលោកឧកញ៉ា ទាំងមិនគិតសោះថា ខ្លួនមានប្ដីនៅជាមួយរាល់ថ្ងៃ។ ពេលលោក ជា ស្រួច ដឹងរឿងនេះភ្លាម បានធ្វើឲ្យលោកខូចចិត្ត ជ្រើសយកផ្លូវចុះចោលផ្ទះ ដើម្បីគេចចេញពីភាពអាម៉ាសទាំងអស់នេះ។
បន្ទាប់ពីលោក បានចាកចេញពីគ្រួសារដោយចោទប្រពន្ធថា ជាស្រីផិតក្បត់រួចមក លោកបានក្លាយជាមនុស្សតែលតោល គ្មានទីពឹង ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងចុងក្រោយក្លាយជាកម្មករអូសរទេះដឹកទំនិញ នៅតំបន់ជាយដែនក្រុងប៉ោយប៉ែត។ ខ្សែជីវិតរបស់អតីតកីឡាករធ្លាប់ល្បីឈ្មោះ លោក ជៀស ស្រួច ត្រូវបានមហាជន ស្ទើរតែភ្លេចបាត់ទៅហើយ ព្រោះលោកបានចាកចេញពីជីវិតជាអ្នកប្រដាល់ និងជីវិតជាតារាសម្ដែង អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀតបើនិយាយពីឈ្មោះ សាត រស្មី ជាតារាសម្ដែងមានឈ្មោះល្បី ក៏មិននឹកស្មានថា ជាអតីតប្រពន្ធរបស់លោកឡើយ។
នៅក្នុងបណ្ដាញសង្គម Facebook នៅថ្ងៃនេះ បានទម្លាយរូបភាពដ៏ស្រស់ស្អាតរបស់នាង សាត រស្មី ដោយបានអះអាងថា នាងជាអតីតប្រពន្ធរបស់លោក ជៀស ស្រួច កាលពី១២ឆ្នាំមុន ធ្វើឲ្យម្នាក់ៗស្រឡាំងកាំង ភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ជាមួយគ្នានេះ នាង សាត រស្មី ក៏បានចេញមុខបដិសេធទាំងស្រុង រាល់ការចោទប្រកាន់ទាំងអស់របស់ លោក ជៀស ស្រួច ថា ពុំមែនជាការពិតនោះទេ ព្រោះអ្វីៗដែលបានកើតឡើង ក៏មានកំហុសរបស់លោក ជា ស្រួច ផងដែរ ខណៈដែលកាលនោះ លោក ជៀស ស្រួច ក៏មានជាប់ពាក់ព័ន្ធនឹងការជក់ថ្នាំញៀន លេងល្បែង និងប្រព្រឹត្តិទង្វើមិនគប្បីចំពោះនាង ច្រើនណាស់ដែរ ទើបត្រូវចែកផ្លូវគ្នា ទាំងពាក់កណ្ដាលទីបែបនេះ។
បន្ទាប់ពីរឿងរ៉ាវ ត្រូវបានទម្លាយជាហូរហែ ទាំងក្នុងបណ្ដាញសង្គម Facebook និងតាមបណ្ដាញព័ត៌មាននានា អង្គភាព Fresh News នៅមិនទាន់អាចស្វែងរក ការបំភ្លឺពីតារាសម្ដែង សាត រស្មី បានទេនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយសារប្រព័ន្ធទូរស័ព្ទ ដែលនាងធ្លាប់ប្រើត្រូវបានបិទ។ យ៉ាងណាមិញព័ត៌មាននេះ នឹងបន្តតាមដានបន្ថែមទៀត ដើម្បីលាតត្រដាងឲ្យមហាជនស្ងប់ចិត្ត៕