(មណ្ឌលគិរី-រតនគិរី)៖ អាវុធទំនើបៗជាច្រើនដើម ដែលត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលតែងហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងខេត្តជាប់ព្រំដែនប្រទេសវៀតណាមនោះ បានតម្លើងរួចរាល់ហើយ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទីតំបន់ព្រំដែនកម្ពុជា-វៀតណាម នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា ក្រោយទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ភ្លាមៗកាលពីព្រឹកមិញ មានការដឹកនាំកិច្ចប្រជុំបន្ទាន់មួយបន្ថែមទៀត ដើម្បីត្រៀមរៀបចំផែនការក្នុងការបើកប្រតិបត្តិការបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើកដែលហោះចូលទឹកដីកម្ពុជា។

កិច្ចប្រជុំបន្ទាន់នោះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះ នៃអគ្គបញ្ជាការ, នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគ១ ព្រមទាំងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត។

នាយទាហានជាន់ខ្ពស់រូបនេះ បានអះអាងថា រហូតមកដល់វេលាម៉ោង៦ល្ងាចនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយបញ្ជាក់ថា ឃើញមានវត្តមានយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលដែនអធិបតេយ្យរបស់កម្ពុជា ក្នុងខេត្តរតនគិរី និងមណ្ឌលគិរីទៀតនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា ប្រសិនឃើញមានយន្ដហោះនោះហោះមកទៀត កងកម្លាំងនឹងបាញ់ទម្លាក់ចោលភ្លាមៗតែម្ដង។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យកងទ័ពប្រើសំណាញ់មេឃដើម្បីបាញ់ទម្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ បន្ទាប់ពីឃើញមានការហោះហើរជាថ្មីម្តងទៀតចំនួន៧គ្រឿង កាលពីយប់មិញនេះ។ សម្តេចក៏បានបន្ទោសថា មេទ័ពកម្ពុជាហាក់ដូចជាស្លូតបូតពេក ដែលធ្វើឱ្យពួកភេរវកម្មទាំងនោះបានចិត្តហើយហ៊ានហោះចូលរំលោភអធិបតេយ្យភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន។

ថ្លែងក្នុងពិធីជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យប់មិញនេះ មក៥គ្រឿងទៀត អស់លោកសូម្បីតែអាវុធផ្ទុះមួយគ្រាប់ក៏អត់ផ្ទុះដែរ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកត្រូវយក CKC បាញ់ កាំភ្លើងទៅណាអស់ទៅអាធំ ឥឡូវឡើងទៅហើយ កាំជ្រួចសម្រាប់បាញ់យន្តហោះ»។ សម្តេចបន្តថា «ចាប់ពីពេលនេះទៅតទៅ បើលោកឯងមិនផ្ទុះអាវុធ គឺមានរឿងជាមួយខ្ញុំ និយាយគ្នាឱ្យច្បាស់ អត់មានធ្វើស្លូតៗទេ»។

កម្លាំងយោធាព្រំដែនរបស់កម្ពុជា ក្នុងខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៧៖៥០នាទីយប់ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានដ្រូនប្រមាណចំនួន៧គ្រឿង បានហោះលើដីកម្ពុជា​ក្នុងភូមិ​សាស្ត្រ​ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ដ្រូនប្រភេទនេះ បានហោះរំលោភបំពានចូលទឹកដីកម្ពុជា ប្រមាណ១សប្តាហ៍មកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា សង្ស័យថា ជារបស់ក្រុមភេរវកម្ម ដែលបោះបោរនៅប្រទេសវៀតណាម៕