(ភ្នំពេញ)៖ វីដេអូមួយក្រោមចំណងជើងថា «កំណើតគណបក្សប្រជាជនកម្ពុជា កំណើតសន្តិភាព កំណើតអភិវឌ្ឍន៍» ត្រូវបានផលិតឡើងក្នុងខួបលើកទី៧២ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៣) ។

បើតាមវីដេអូនេះ គណបក្សប្រជាជនកម្ពុជា បានតស៊ូលើសមរភូមិក្នុងគ្រប់កាលៈទេសៈក្នុងការរំដោះជាតិ មាតុភូមិ និងប្រជាជនចេញពីសមុទ្រឈាម គំនរឆ្អឹង និងផេះផង់នៃសង្គ្រាម និងបានបុកគ្រឹះដ៏រឹងមាំក្នុងការធានាបាននូវ សុខសន្តិភាព ឱ្យបានគង់វង្ស និងការអភិវឌ្ឍឆ្លងចូលសករាជថ្មី និងក្តាប់មកវិញនូវមោទកភាពជាតិ។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែល បានថែរក្សាមរតជាប្រវត្តិសាស្ត្រ និងជាខ្នងបង្អែកដ៏កក់ក្តៅ និងជាក្តីសង្ឃឹម ពិតប្រាកដរបស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិឲ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ឆ្ពោះទៅរកអនាគតដ៏រុងរឿង។

សូមជម្រាបថា ចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។

គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕