(ភ្នំពេញ)៖ លោក ឃុន សែន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងស៉ីដនី និងលោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី បានចូលរួមវេទិកាធុរកិច្ចអាស៊ាន-អូស្ត្រាលី ដែលពិធីនេះបានប្រារព្ធឡើងនៅទីក្រុងស៉ីដនី ដោយបានប្រមូលផ្តុំនូវឥស្សរជនសំខាន់ៗ មកពីប្រទេសអូស្ត្រាលី និងតំបន់អាស៉ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីភាពជាដៃគូអាស៊ាន-អូស្ត្រាលីសម្រាប់កំណើនរួម។
សកម្មភាពនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ តបតាមការអញ្ជើញផ្លូវការរបស់លោក Francis Wong ប្រធានវេទិកាធុរកិច្ចអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២៣។
វេទិកាបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់វិស័យឯកជន និងរដ្ឋាភិបាលក្នុងការធ្វើការរួមគ្នាដើម្បីដោះ ស្រាយបញ្ហាប្រឈមសំខាន់ៗ និងជំរុញឱ្យមាន វិបុលភាពក្នុងតំបន់។
វេទិកានេះ បានផ្តល់នូវធាតុចូលជាច្រើនតាមរយៈ ដោយសុន្ទរកថា និងការពិភាក្សាដ៏ស៉ីជម្រៅពីវាគ្មិន អូស្ត្រាលី និងអាស៊ាន ក្នុងនោះ រួមមានលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, ព្រឹទ្ធសមាជិក Tim Ayres ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងផលិតកម្ម, លោក Arsjad Rasjid ប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានឆ្នាំ២០២៣ និងលោក Nicholas Moore ប្រេសិតពិសេសរបស់អូស្ត្រាលីសម្រាប់តំបន់អាស៉ី-អាគ្នេយ៍ ហើយលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ក៏បានអញ្ជើញចូលរួមផងដែរ។ ការពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗ រួមមាន អន្តរកម្មថាមពល និងថាមពលកកើតឡើងវិញ, ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម និងសន្តិសុខស្បៀង, នវានុវត្តបច្ចេកវិទ្យា និងប្តូរឌីជីថល, ការអភិវឌ្ឍន៍អចលនទ្រព្យ និងសហគ្រិនភាពស្ត្រី។
ស្ថិតក្នុងឱកាសនោះ លោកបណ្ឌិតឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោកប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៉ីដនី និងទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី ក៏បានជួបពិភាក្សាជាមួយលោក Nicholas Moore ប្រេសិតពិសេសរបស់អូស្ត្រាលីសម្រាប់តំបន់អាស៉ី-អាគ្នេយ៍ និងលោកស្រី Margaret Beazley AC KC ទេសាភិបាលរដ្ឋ New South Wales ផងដែរ៕