(ព្រះវិហារ)៖ លោក មាស សុភា បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលខេត្តព្រះវិហារ បានថ្លែងប្រាប់ប្រជាពលរដ្ឋ ត្រូវបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដោយកុំស្តាប់តាមញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូចឱ្យសោះ។

ការថ្លែងរបស់បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលោក មាស សុភា ក្នុងឱកាសដែលលោកចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន៦៨០គ្រួសារ មកពីភូមិចំនួន៤ ក្នុងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

លោកបានថ្លែងថា «ស្របពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាខិតចូលមកដល់ ក្រុមប្រឆាំងមួយក្តាប់តូចបានធ្វើការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ដោយគេសំអាងថា មិនមានលទ្ធិប្រជាធិបតេយ្យ ដោយសារគណបក្សនយោបាយចំនួន២ត្រូវបាន គ.ជ.ប បដិសេធក្នុងការចុះឈ្មោះមូលហេតុដោយសារបញ្ហាផ្លូវច្បាប់ រហូតគណបក្សគេដាក់ពាក្សប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក៏ត្រូវក្រុមប្រឹក្សាធម្មនុញ្ញធ្វើការបដិសេធបន្តទៀត»

លោក មាស សុភា ថែមទាំងបានគូសបញ្ជាក់ទៀតថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានគណបក្សនយោបាយចំនួន១៨ បានចូលរួម។

លោកបានណែនាំដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតត្រូវធ្វើការត្រិះរិះពិចារណានិងមើលឱ្យបានច្បាស់ ថាតើគណបក្សនយោបាយណាដែលការពារបាននូវសុខសន្តិភាពពិតប្រាកដ? តើគណបក្សនយោបាយណាដែលកសាងជាតិពិតប្រាកដ?។

លោក មាស សុភា ថ្លែងបន្តទៀតថា «គណបក្សនយោបាយខ្លះដើរធ្វើការសន្យាហួសពីគោលនយោបាយបក្សរបស់ខ្លួន ហួសពីសមត្ថភាពរបស់ខ្លួន ដូចជាខ្លួនឯងជិះកង់សោះ ដើរសន្យាបើឈ្នះឆ្នោតទិញម៉ូតូឱ្យ សន្យាឱ្យហូបបង្កងនៅក្នុងទឹកដែលគេមិនទាន់មានក្នុងចាន...ជាដើម។ ដូច្នេះសូមបងប្អូនកុំជឿតាមការឃោសនាបោកប្រាស់របស់ក្រុមប្រឆាំង ដោយទៅចូលរួមបោះឆ្នោតទាំងអស់គ្នាជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ»

សូមបញ្ជាក់ថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលព្រះវិហារមាន៧រូប៖ បេក្ខជនពេញសិទ្ធមាន១រូប គឺលោក មាស សុភា និងបេក្ខជនបម្រុងមាន៦រូបគឺ លោក សំ លាងទ្រី លេខរៀងទី១ លោក មួង ឃីម លេខរៀងទី២ លោក ឃឿន ណាត លេខរៀងទី៣ លោកស្រី ខូយ ប៊ុនថាន លេខរៀងទី៤ លោក ខៀវ សម្បត្តិ លេខរៀងទី៥ និងលោកស្រី អ៊ាង ម៉ូនីតា លេខរៀងទី៦៕