(ព្រៃវែង)៖ មានអំពើហិង្សាឈ្លោះគ្នាក្នុងវង់ផឹកស៊ី ឈានដល់ការទាញកាំបិតចាក់ចំបំពង់កប្រកាច់ស្លាប់ភ្លាមៗ បានបង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២៣៖៣០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ ឆោម គីមហេង ភេទស្រី អាយុ៦៨ឆ្នាំ ភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ 

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ កែវ មករា អាយុ២០ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់កំពង់លាវ ចំណែកជនដៃដល់ឈ្មោះ ឆោម សុភ័ក្ត្រ អាយុ២៨ឆ្នាំ មានទីលំនៅភូមិ៧ សង្កាត់កំពង់លាវ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុឈ្មោះ ឆោម សុភ័ក្រ និងឈ្មោះ កែវ មករា បានផឹកស៊ីមានការទំនាស់ពាក្យសំដីគ្នា បណ្តាលឲ្យជនសង្ស័យខឹងក៏ប្រតាយប្រតប់ ស្ទុះទាញយកកាំបិតចិតបន្លែមកចាក់ចំក របស់ឈ្មោះ កែវ មករា បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕