(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចការអាស៊ាន ជាពិសេសការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ ព្រមទាំងរិះរកវិធី និងមធ្យោបាយ ដើម្បីពង្រឹងតំបន់អាស៊ាន ឱ្យក្លាយជាចំណុចស្នូលនៃកំណើន ឱ្យស្របទៅនឹងមូលបទរបស់ឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ។

ដោយឡែកនៅរសៀលថ្ងៃពុធដដែលនេះ លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញទស្សនានៅមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC)។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះ ARMAC សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងតំបន់ ព្រមទាំងការចែករំលែកបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ពាក់ព័ន្ធនឹងសំណល់ជាតិផ្ទុះពីសង្គ្រាម៕