(ភ្នំពេញ)៖ មន្រ្តីដឹកនាំ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដាក្នុងសប្តាហ៍នេះ ឆ្ពោះទៅប្រទេសប្រេស៊ីល ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ Rio Olympic Games 2016 ដើមខែក្រោយនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងឲ្យដឹងថា ក្រុមប្រតិភូ និងកីឡាករ កីឡាការិនី កម្ពុជានឹងចេញដំណើរពីកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ដោយមាន ៤ប្រភេទកីឡារួមមាន កីឡាតេក្វាន់ដូ កីឡាហែលទឹក កីឡាចំបាប់ និងកីឡាអត្តពលកម្ម (រត់ប្រណាំង)។
ចំពោះសមាសភាពអត្តពលិក ដែលត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក ដែលមានរយៈពេល ៤ឆ្នាំម្តងខាងលើរួមមាន កីឡាការិនីតេក្វាន់ដូឆ្នើមកម្ពុជា ស៊ន សៀវម៉ី, កីឡាហែលទឹកមាន ២រូប គឺកីឡាករ ពូ សុវិជ្ជា និងកីឡាការិនី ហែមថុន វិទិនី, កីឡាអត្តពលកម្មមាន ២នាក់ដែរ គឺកីឡាករ នីកូ និងកីឡាការិនី លី ណារី រួមទាំងកីឡាការិនីចំបាប់ម្នាក់ផងដែរ គឺកីឡាការិនី ចូវ សុធារ៉ា។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ Summer Olympic Games 2016 លើកទី៣១ នឹងចាប់ ផ្តើមបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៥ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ដែលមាន២៨ប្រភេទកីឡាដាក់ឲ្យប្រកួត ក្នុងចំណោមអត្តពលិកសរុបជាង ១០៥០០នាក់ មកពី ២០៧ប្រទេសដែលជាសមាជិករបស់ IOC នេះបើយោងតាមគេហទំព័រ Rio 2016។
អ្វីដែលគួរឲ្យកត់សម្គាល់នៃការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នេះ គឺអត្តពលិកនៃប្រទេសកូសូវោ (Kosovo) និង ស៊ូដង់ខាងត្បូង (South Sudan) ជាការចូលរួមលើកទី១របស់ពួកគេ ខណៈដែលប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស និងវិញ្ញាសានារី ចាប់ផ្តើមប្រកួតមុនគេ នៅថ្ងៃទី០៣ ខែសីហា៕