(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំប្រារព្វពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ហើយត្រូវបានជីកគាស់រុករកបានក្នុងជំហានទី២ ដំណាក់កាលទី២២ នារដូវប្រាំងឆ្នាំ២០២២-២០២៣ នៅលើភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញ។

លោកវរសេនីយ៍ឯក ង្វៀន ង៉ុកអាញ់ ប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 ខេត្តប៊ិញភឿក យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលធ្វើសកម្មភាពនៅខេត្តកំពង់ធំ បានរាយការណ៍ថា អដ្ឋិធាតុដែលបានជីករុករកឃើញនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នារដូវប្រាំងឆ្នាំ២០២២-២០២៣ នាពេលកន្លងមក ហើយត្រូវធ្វើមាតុភូមិនិវត្តន៍នៅពេលនេះមានចំនួន៥អដ្ឋិធាតុ។

លោកបានបន្តថា សរុបក្នុងរយៈពេល២០ឆ្នាំកន្លងមក ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសK70 និងK72 ជីកគាស់យកបានចំនួន ១.១៥២ អដ្ឋិធាតុ រួចមកហើយ ចំពោះចំនួនអដ្ឋិធាតុ ដែលនៅសេសសល់មួយចំនួនទៀត កំពុងធ្វើការស្រាវជ្រាវដើម្បីជីកគាស់លើកនិងធ្វើមាតុភូមិនិវត្តន៍ជាបន្តទៅទៀតនៅពេលខាងមុខ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅលើភូមិសាស្ត្រខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីកម្ពុជាក្នុងបុព្វហេតុសហការជាមួយកងទ័ពរណសិរ្យ សាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ឱ្យដួលរលំនៅក្នុងឆ្នាំ១៩៧៩។

ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា «ថ្ងៃនេះជាលើកទី២២ ដែលខេត្តកំពង់ធំបានប្រារព្ធធ្វើពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលជីករុករកឃើញនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ សរុបចំនួន ១.១៥២ អដ្ឋិធាតុរួចមកហើយ ដើម្បីធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់ទៅកាន់មាតុប្រទេសកំណើតវិញ ក្នុងសកម្មភាពមនុស្សធម៌តាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម»

នៅក្នុងឱកាសនោះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសូមជូនពរឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍របស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម លើកទី២២ ឆ្នាំ២០២២-២០២៣​ ដែល​គាស់លើក​យក​បាននៅ​លើភូមិសាស្ត្រខេត្តកំពង់ធំ​  ទៅ​កាន់​មាតុ​ប្រទេស​វិញ​ប្រកប ដោយជោគជ័យ​ និងសុវត្ថិភាព៕