(សៀមរាប)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ចំណេះដឹង នៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ ការអភិវឌ្ឍន៍ផលិតផល និងការធ្វើពាណិជ្ជកម្ម»

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងលោក ដួង ជីដុង (Mr. Duong Chi Dung) ប្រធានផ្នែកនៃប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងលោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក សួន វិជ្ជា បានលើកឡើងថា កម្មវិធីសិក្ខាសាលាថ្ងៃនេះ ជាសកម្មភាពមួយក្នុងចំណោមផែនការសកម្មភាពជាច្រើនផ្សេងទៀត ដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញាបាននឹងកំពុងសហការជាមួយអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាប្រកបដោយបរិយាបន្ន ដោយធ្វើយ៉ាងណាឱ្យស្ត្រី និងយុវជនបានយល់ដឹងពីកិច្ចការពារកម្មសិទ្ធិបញ្ញាក្រោមច្បាប់ជាតិ និងអន្តរជាតិព្រមទាំងបទពិសោធន៍ ជោគជ័យនៃការធ្វើពាណិជ្ជកម្មទ្រព្យកម្មសិទ្ធិបញ្ញា។

លោកបានថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ​កម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលបន្តផ្តល់នៅការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។

លោកបានបន្តទៀតថា ក្រសួងពាណិជ្ជកម្ម បានបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល» ដែលបានរៀបចំទ្បើងដោយ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មសហការជាមួយ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានចំនួនពីរលើករួមមកហើយផងដែរ។

តួនាទីរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច-សង្គមជាតិ ដោយស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចឱ្យសម្រេចបានជាមធ្យមក្នុងរង្វង់៧ភាគរយ មុនការផ្ទុះឡើងនូវវិបត្តិកូវីដ-១៩ ហើយស្ត្រីក៏ជាផ្នែកមួយដ៏សំខាន់ដែលចូលរួមស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចឱ្យសម្រេចបាន ៥,២ នៅក្នុងឆ្នាំ២០២២ផងដែរ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ស្ត្រីឱ្យចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ច យើងសង្កេតឃើញ ស្ត្រីប្រមាណ ៦១ភាគរយបានអភិវឌ្ឍខ្លួនទៅជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ ជាក់ស្តែង សមាគមសហគ្រិនស្ត្រីកម្ពុជា និងសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា កំពុងដើរតួនាទីជាតំណាងឱ្យស្រ្តីក្នុងវិស័យពាណិជ្ជកម្មទាំងក្នុងប្រទេស និងក្រៅប្រទេស។ ចំណែកឯនៅតាមបណ្តាសហគមន៍នានា ស្រ្តីកំពុងបង្កើនផលិតភាពសេដ្ឋកិច្ច តាមរយៈការបង្កើតផលិតផលសិប្បកម្ម និងផលិតផលកែច្នៃពីកសិកម្ម។

លោក សួន វិជ្ជាលើកឡើងទៀតថា ការណ៍នេះ បង្ហាញឱ្យឃើញនូវភាពចាំបាច់បន្ថែមទៀត ដើម្បីគាំទ្រដល់ការរីកចម្រើន​ធុរកិច្ចដែលដឹកនាំដោយស្ត្រីឱ្យមាននិរន្តភាព និងភាពប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ នាឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣ក្រោមមូលបទ“ស្រ្តី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតដើម្បីជំរុញ និងលើកទឹកចិត្តស្ត្រីនៅកម្ពុជាឱ្យចូលរួមប្រើប្រាស់សក្តានុពលរបស់ខ្លួននៅក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ តាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងការបង្កើតផលិតផលថ្មីៗរបស់កម្ពុជាដើម្បីជំរុញការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបានប្រឹងប្រែងបើកច្រកទីផ្សារអន្តរជាតិសម្រាប់ការនាំចេញផលិតផលខ្មែរ ដោយក្នុងនោះកិច្ចព្រមព្រៀងចំនួនបីបានចូលជាធរមាន៖ កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់​តំបន់ (ដែលមានប្រទេសសមាជិកចំនួន១៥ សរុបប្រជាជនមាន២.២ពាន់លាននាក់ ស្មើនឹង៣០ភាគរយនៃប្រជាជនសរុបក្នុងពិភពលោក) កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជាចិន កិច្ចព្រមព្រៀងសេរីទ្វេភាគី កម្ពុជា កូរ៉េ ហើយទន្ទឹមនឹងនេះ ក៏មានកិច្ចព្រមព្រៀងភាព​ជា​​ដៃ​​គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបចុះហត្ថលេខាផងដែរ។

កិច្ចព្រមព្រៀងទាំងអស់នេះនឹងបង្កើតនូវកាលានុវត្តភាពសម្រាប់ធុរជននៅកម្ពុជានៅក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោក។

ក្នុងបរិការណ៍នេះ ការប្រកួតប្រជែងនៅលើទីផ្សារក៏មានលក្ខណៈខ្លាំងក្លាផងដែរ ដែលតម្រូវឱ្យសហគ្រិនគ្រប់រូបមិនត្រឹមតែ មានភាពច្នៃប្រឌិតក្នុងការអភិវឌ្ឍន៍ផលិតផលទំនិញ និងសេវាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកអភិវឌ្ឍន៍កេរ្តិ៍ឈ្មោះម៉ាកផលិតផលឱ្យមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងមានភាពល្បីល្បាញដើម្បីទាញយកចំណែកទីផ្សារឱ្យបានកាន់តែធំ។ ដូចដែលយើងបានដឹងរួចមកហើយ ម៉ាកសម្គាល់ផលិតផលជាសញ្ញាមួយដែលភ្ជាប់ទំនាក់ទងរវាងផលិតផលជាមួយអ្នកប្រើប្រាស់ឱ្យសម្គាល់បាននូវ គុណភាព ស្តង់ដារ ប្រភពផលិតផល និងព័ត៌មានផ្សេងៗដែលជួយដល់ការសម្រេចចិត្តនៅពេលជ្រើសរើសផលិតផលមកប្រើប្រាស់។ ជាពិសេស យើងកំពុងស្ថិននៅក្នុងសម័យកាលនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដូច្នេះ ការបំពាក់ម៉ាកផលិតផលឱ្យបានត្រឹមត្រូវ និងការរៀបចំយុទ្ធសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាក ជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងការឈានចូលទៅកាន់ទីផ្សារ។

នាយកដ្ឋានកម្មសិទ្ធិនៃក្រសួងពាណិជ្ជកម្មបានកំពុងអនុវត្ត ច្បាប់ ម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចការពារដល់ម្ចាស់ម៉ាកស្របច្បាប់ និងធានានូវការប្រកួតប្រជែងស្មោះត្រង់ក្នុងអាជីវកម្ម ដើម្បីជំរុញលើកទឹកចិត្តឱ្យមាននូវនវានុវត្តន៍ភាព ការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផលសម្បូរបែប ព្រមទាំងផ្តល់នូវទំនុកចិត្តដល់ធុរជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាចុះបញ្ជីម៉ាក នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញសម្រាប់កិច្ចការចុះបញ្ជីម៉ាក និងការបង់កម្រៃ​សេវា​សាធារណៈ តាម​ប្រព័ន្ធ​អនឡាញ ព្រមទាំងបានរៀបចំប្រព័ន្ធ Cloud សម្រាប់គ្រប់គ្រងទិន្នន័យ និងឯកសារ​នៃ​ការ​ចុះ​បញ្ជីម៉ាក ហើយកំពុងរៀបចំប្រព័ន្ធជូនដំណឹងជាស្វ័យប្រវត្តិអំពីដំណើរការនិងស្ថានភាពនៃការចុះបញ្ជីម៉ាក​ទៅអ្នក​ដាក់​ពាក្យស្នើសុំ និងភ្នាក់ងារ ដែលរួមចំណែកកាត់បន្ថយពេលវេលា និងបែបបទ​ដែលមានភាព​លំបាក​ស្មុគស្មាញ ជាបន្តបន្ទាប់។

នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសរុបចំនួនប្រមាណ១២ម៉ឺនម៉ាក នៅក្នុងឆ្នាំ ២០២២ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិ បានចំនួន ៣.៥៤៨ ម៉ាក និងចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិ បានចំនួន២.៦៣៥ ម៉ាក។ ជាងនេះទៅទៀត ក្រោមជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍ នាយកដ្ឋានបានគាំទ្រដល់សមាគមក្នុងការ ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមចំនួន៤ ដូចជា “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលកំពតកែប” “បង្កងតាកែវ” និង“ទឹកត្រីកំពតកែប និងបានចុះបញ្ជីម៉ាកសមូហភាពបន្ថែមចំនួន៤ “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” “នំបញ្ចុកសៀមរាប” “ដូងខ្ទិះបាត់ដំបងដែលសមិទ្ធផលទាំងអស់ខាងលើនេះ បានរួមចំណែក យ៉ាងសំខាន់ដល់ការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលខ្មែរ ថែរក្សាវប្បធម៌ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមទិសដៅរបស់ក្រសួងពាណិជ្ជកម្ម និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។

ភាពជោគជ័យនៃសហគ្រិននៅក្នុងសទវត្សន៍ទី២១នេះ មិនត្រឹមតែត្រូវពឹងផ្អែកលើគំនិតដែលអាចយកទៅអនុវត្តក្នុងការបង្កើតផលិតផល ឬសេវានោះទេ ប៉ុន្តែសហគ្រិនត្រូវចេះរៀបចំការពារ និងប្រើប្រាស់ទ្រព្យកម្មសិទ្ធិបញ្ញា ដូចជា ម៉ាកផលិតផល របស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែតាមភាពជាក់ស្តែងសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ការយល់ដឹងពីការការពារ និងប្រើប្រាស់កម្មសិទ្ធិបញ្ញាឱ្យអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅតែជាបញ្ហាប្រឈមជាពិសេសសម្រាប់សហគ្រិនស្ត្រី។ ការកំណត់យកប្រធានបទសិក្ខាសាលា ដោយផ្តោតលើ “ការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល” នាពេលនេះនឹងរួមចំណែកជំរុញសហគ្រិនស្ត្រីក្នុងគ្រប់វិស័យឱ្យយល់ដឹងពីកម្មសិទ្ធិបញ្ញា ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងធ្វើការការរៀបចំយុទ្ធសាស្ត្រកសាងម៉ាកផលិតផលរបស់ខ្លួនឱ្យមានភាពប្រកួតប្រជែងលើទីផ្សារ។ 

ជាមួយនេះដែរ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អង្គការកម្មសិទ្ធិបញ្ញាពិភពលោកដែលបានរួមចំណែកជួយអភិវឌ្ឍសមត្ថភាពសហគ្រិនស្ត្រី នៅកម្ពុជានៅក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីកសាងកេរ្ត៍ឈ្មោះផលិតផល និងសូមអរគុណ វាគ្មិនជាតិ និងវាគ្មិនអន្តរជាតិដែលបានចំណាយពេលវេលាចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗដល់សិក្ខាកាមផងដែរ៕