(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗដែរ ពួកគាត់បានទទួលអត្ថប្រយោជន៍ពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ អស់រយៈពេលបីឆ្នាំមកហើយ។
ស្ថិតក្នុងវ័យ៥១ឆ្នាំ អ្នកស្រី ជា ស្រីមុំ ដែលមានជំងឺប្រចាំកាយជាប់ខ្លួនផងនោះ បាននិយាយថា ក្នុងមួយខែគ្រួសាររបស់អ្នកស្រីបើកប្រាក់ឧបត្ថម្ភបាន ៥៧ម៉ឺនរៀល ដែលថវិកាទាំងនេះ បានជួយសម្រួលដល់ជីវភាពអ្នកស្រីបានយ៉ាងច្រើន ជាពិសេសក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដែលពេលនោះមិនអាចចេញក្រៅទៅធ្វើការងារបាន។
ក្នុងពេលកំពុងទៅបើកប្រាក់ឧបត្ថម្ភ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នៅតាមបញ្ជរវីងនៅផ្សារកណ្តាល អ្នកស្រី ម៉ី រ៉ា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា អ្នកស្រីបានទទួលបានបណ្ណសមធម៌នេះ តាំងពីឆ្នាំ២០១៧ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានវាយតម្លៃ ពីស្ថានភាពគ្រួសារអ្នកស្រីស្ថិតក្នុងភាពក្រីក្រ។
មានសមាជិកគ្រួសារប្រមាណ១០នាក់ ក្នុងមួយខែ អ្នកស្រី ម៉ី រ៉ា បើកប្រាក់ឧបត្ថម្ភបាន ៦៥ម៉ឺនរៀល ដោយថវិកាទាំងនេះ បានជួយសម្រួលជីវភាពគ្រួសារអ្នកស្រីបានយ៉ាងច្រើន ក្នុងការទិញម្ហូបអាហារ បង់ទឹក ភ្លើង និងសម្រាប់កូនរៀនផងដែរ។
លោក អ៊ុច សារុំ ចៅសង្កាត់ផ្សារកណ្តាលទី១ បានឱ្យដឹងថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅសង្កាត់ផ្សារកណ្តាលទី១ ចំនួន៥៩គ្រួសារ ទទួលបានបណ្ណសមធម៌ និងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងពេលដែលពួកគាត់រងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩។
លោកបានឱ្យដឹងថា អាជ្ញាធរតែងតែចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីវាយតម្លៃជីវភាព និងផ្តល់បណ្ណសធម៌ ឬបណ្ណក្រីក្រនេះ ដោយសុក្រិតដោយមិនរើសអើងនិន្នាការនយោបាយឡើយ។
តាមរបាយការណ៍វាយតម្លៃរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គការ UNDP ប្រចាំកម្ពុជា បានបង្ហាញថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចូលរួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា បានប្រមាណ២.៧ % ក្នុងឆ្នាំ២០២០ និង៣.៤ % ក្នុងឆ្នាំ២០២១ ដោយបានចូលរួមចំណែកសម្រួលជីវភាព របស់គ្រួសារក្រីក្រឱ្យរួចផុតពីការធ្លាក់ ចូលទៅក្នុងបញ្ហាអសន្តិសុខស្បៀង, បំណុល, ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងបានសម្រួលបន្ទុកចំណាយរបស់គ្រួសារ ពិសេសចំណាយលើម្ហូបអាហារ, ថ្នាំសង្កូវ និងការអប់រំកូនចៅ។
លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិ គាំពារសង្គមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីដ៏សំខាន់នេះ រយៈពេល៣ឆ្នាំមកហើយ តាមរយៈការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលជាអន្តរាគមន៍ពិសេសមួយ ក្នុងគ្រាលំបាកដើម្បីជួយដល់គ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌អាចមកទទួលបានសាច់ប្រាក់ ដោយផ្ទាល់ប្រចាំខែ ដើម្បីទប់ស្កាត់មិនឱ្យពួកគាត់ធ្លាក់ចុះ ទៅក្នុងភាពក្រីក្រកាន់តែខ្លាំង និងជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
លោកណ្ឌិតបន្តថា ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន គឺជាស្ថាប័នមួយមានតួនាទីគិតគូរក្នុងកម្រិតគោលនយោបាយ លើកសំណើរ និងស្នើការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ឱ្យអនុវត្តកម្មវិធី និងរបបនានានៃប្រព័ន្ធគាំពារសង្គមក្នុងនោះក៏មានផងដែរកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ដែលបាន នឹងកំពុងអនុវត្តមកដល់សព្វថ្ងៃនេះ។
លោកលើកឡើងបន្តថា សូមឈប់យល់ច្រលំថា ថវិកាដែលពួកគាត់តែងតែបើកប្រចាំខែនេះថា ជាថវិការបស់បរទេស ឬអង្គការណាមួយទៀត កាពិតថវិកានេះ គឺជាថវិការបស់រាជរដ្ឋាភិបាលសុទ្ធសាធ ក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាក ដែលជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណចំនួន១ពាន់៨៨លានដុល្លារអាមេរិកក្នុងរយៈ៣ឆ្នាំមកនេះ៕