(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងគណៈប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នាសាលប្រជុំសាលាខេត្ត។ នៅក្នុងជំនួបនេះ មានការចូលរួមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះ លោក ម៉ែន វិបុល បានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ក្នុងនោះក្រុមហ៊ុនជប៉ុន ដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តស្វាយរៀង ដែលបានផ្តល់ការងារធ្វើជូនដល់ប្រជាពលរដ្ឋក្នុងខេត្តយ៉ាងច្រើន ដែលជាកត្តាជំរុញការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែល្អប្រសើ។
ទន្ទឹមនោះ លោក ម៉ែន វិបុល បានថ្លែងនូវការអរគុណចំពោះជំនួយរបស់ជប៉ុន ជួយដល់វិស័យរដ្ឋនានាក្នុងខេត្ត ព្រមទាំងក្រុមហ៊ុនដែលបានមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀង ជាបន្តបន្ទាប់នាពេលកន្លងមក និងបន្តជួយទាក់ទាញឲ្យមានអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅក្នុងខេត្តបន្ថែម។
លោកអរគុណចំពោះ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពទូទៅ អំពីសក្ដានុពល និងការអភិវឌ្ឍខេត្ត ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងខេត្តស្វាយរៀង។ លោកបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះដៃគូវិយោគនានា លេីកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគជប៉ុន ដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀងផងដែរ។
ជាមួយគ្នានោះ លោក UENO Atsushi បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលផ្តល់ឱកាសឲ្យគណៈប្រតិភូទូតជប៉ុន បានចូលជួបនិងពិភាក្សាការងារនៅថ្ងៃនេះ និងសូមកោតសរសើរចំពោះការរីកចម្រើន លើគ្រប់វិស័យដែលខេត្តស្វាយរៀងសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមសម្តែងការអបអរសាទរចំពោះដៃគូវិនិយោគនានារបស់ប្រទេសជប៉ុន ដែលបានមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀង និងសូមគាំទ្រចំពោះមតិលើកឡើងសមិទ្ធផលធំៗជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន៕