(ភ្នំពេញ)៖ លោក ណុះ ស្លេះ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និបាតវិសាមញ្ញលើកទី១ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ និងតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទកំពូល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ របស់អង្គការកិច្ចសហប្រតិបត្តិការអប់រំ (Oorganization of Educational Cooperation, OEC) នៅទីក្រុងអាឌី អាបេបា នៃប្រទេសអេត្យូពី។

អង្គការ OEC ជាអង្គការអន្តរជាតិមួយ ដែលផ្តោតលើការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ យុត្តិធម៌ និងវិបុលភាព តាមរយៈការលើកកម្ពស់ការអប់រំប្រកបដោយតុល្យភាព និងបរិយាប័ន្ន ដើម្បីទទួលបាននូវសិទ្ធិជាមូលដ្ឋាន រួមមានសេរីភាព យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និរន្តរភាព ភាពស្អិតរមួតសង្គម និងសន្តិសុខសម្ភារៈរូបិយ និងអរូបិយសម្រាប់ប្រជាជនទាំងអស់នៅក្នុងពិភពលោក។

ក្នុងព្រឹត្តិការណ៍នេះ លោក ណុះ ស្លេះ បានផ្តល់បទអន្តរាគមន៍មួយ ដោយផ្តោតទៅលើឧត្តមានុវត្ត នៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសពាក់ព័ន្ធការអប់រំបរិយាប័ន្ន និងសមធម៌នៃការអប់រំ។ លោកបានលើកឡើងពីរូបភាព នៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលត្រូវផ្តោតជាសំខាន់ទៅលើបរិបទរបស់ប្រទេសនីមួយៗ ហើយដែលត្រូវការជំនាញ និងអ្នកបច្ចេកទេសនៅតាមបណ្តាប្រទេសនីមួយៗ ធ្វើជាម្ចាស់ក្នុងកិច្ចអភិវឌ្ឍនោះ ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍ យុវជន សិស្ស និស្សិតទទួលបាននូវអ្វីដែលគេត្រូវទទួល។

ជាមួយគ្នានោះ លោកក៏បានលើកឡើងបន្ថែមទៀត ប្រាប់ទៅអង្គពិធីថា អង្គការអន្តរជាតិដូចជាអង្គការ OEC នេះ មិនត្រូវធ្វើជាជាស្ថាប័នតែមួយគត់ ដែលបង្កើតគោលនយោបាយផ្ទាល់ខ្លួននោះទេ តែត្រូវគិតដល់តម្រូវការរបស់ប្រទេសជាសមាជិក ក្នុងការកសាងគោលនយោបាយមួយដែលអាច បម្លែងជាសកម្មភាពប្រតិបត្តិបម្រើដល់ប្រយោជន៍របស់ប្រទេសជាសមាជិកនីមួយៗ ជំនួសឲ្យការបង្កើតគោលនយោបាយរួម ដែលជាទូទៅមានលក្ខណៈពិបាក ក្នុងការប្រតិបត្តិសម្រាប់ប្រទេសជាសមាជិក។

លោក ណុះ ស្លេះ បានសម្តែងនូវការកោតសរសើរដល់បណ្តាប្រទេសជាបិតាស្ថាបនិក ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ក្នុងការចូលរួមបង្កើតអង្គការអន្តរជាតិនេះឡើង ដើម្បីធ្វើឲ្យមានតុល្យភាព នៃការអប់រំ និងផ្តល់ឱកាសដល់ទាំងអស់គ្នា ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព៕