(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធ «បុណ្យរុក្ខទិវា ៩ កក្កដា» ក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស សរុបចំនួន៦០០នាក់។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានឲ្យដឹងថា ពិធីបុណ្យក្ខទិវាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅខេត្តស្ទឹងត្រែងរបស់យើងនេះ ដើម្បីធ្វើការស្ដារ និងដាំដុះព្រៃឈើឡើងវិញ។ ជាក់ស្ដែងចាប់ពីឆ្នាំ២០០៤ រហូត ដល់ឆ្នាំ២០២៣ ខេត្តស្ទឹងត្រែង បានប្រារព្ធបុណ្យរុក្ខទិវាដាំដើមឈើ និងធ្វើការបណ្តុះកូនឈើចែកចាយ ជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗ យកទៅធ្វើការដាំដុះជារៀងរាល់ឆ្នាំ។

លោកបានបន្តថា ដោយឡែក នៅឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានបណ្តុះនិងចែកចាយកូនឈើចម្រុះប្រភេទ បានប្រមាណ២៩៣០ដើម សម្រាប់ដាំសងខាងផ្លូវ និងធ្វើការចែកចាយជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗទៀត ដាំដុះក្នុង រដូវវស្សានេះ ព្រមទាំងបានបំផុសចលនាដល់គូរស្រុកថ្មី ដាំកូនឈើក្នុងម្នាក់១ដើម ក្នុងពេលប្រារព្ធអាពាហ៍ពិពាហ៍ ដើម្បីទុកជាអនុស្សាវរីយ៍ចំណងដ គួរស្វាមីភរិយាថ្មី។

ថ្លែងក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានឲ្យដឹងថា រុក្ខទិវាត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចំបងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ អភិរក្សវិស័យព្រៃឈើនៅកម្ពុជា ដែលសម្បត្តិដ៍មានតម្លៃមិនអាច កាត់ថ្លៃបាន។ ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ណាស់ សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ និងផ្តល់នូវភាពបៃតង បរិយាកាសស្រស់បំព្រង ដែលជាមរតកដ៍មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

លោក ស្វាយ សំអ៊ាង បានបន្តថា ពិធីអបអរបុណ្យរុក្ខទិវា ដែលកំពុងប្រារព្ធឡើងក្នុងពេលនេះមានអត្ថន័យ និងសារៈសំខាន់បំផុត សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យចូលរួមដាំដុះ ថែកូនឈើសងខាងផ្លូវនេះ ដើម្បីប្រែក្លាយឱ្យមានគម្របពណ៌បៃតងស្រស់បំព្រង និងអភិវឌ្ឍន៍ ធនធានព្រៃឈើឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បី រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើង។

ឆ្លៀតក្នុងឱកាសនោះ អភិបាលខេត្ត បានស្នើឱ្យមន្ទីរកសិកម្មខេត្ត ដែលមានខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងជាសេនាធិការ សហការជាមួយអាជ្ញាធរ ដែនដីនៅមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច ចាត់វិធានការ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបបទល្មើស ការកាប់រាន ការដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុំព័ទ្ធ យកដីព្រៃឈើធ្វើជាកម្មសិទ្ធិ ដែលកំពុងកើតឡើងថ្មីៗ និងបទល្មើសព្រៃឈើផ្សេងៗទៀតនៅក្នុងខេត្តស្ទឹងត្រែង ឱ្យមានប្រសិទ្ធិភាព ខ្ពស់បំផុត។

ទន្ទឹមនឹងនេះ លោក ស្វាយ សំអ៊ាង ស្នើឱ្យខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង អាជ្ញាធរដែនដីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន មេត្តាចូលរួមថែរក្សាជាប្រចាំ ចំពោះកូនឈើដែលបានដាំរួចហើយ ដើម្បីឱ្យកូនឈើទាំងនោះដុះលូតលាស់ បានឆាប់រហ័ស សម្រាប់ជាប្រយោជន៍រួម របស់យើងទាំងអស់គ្នា៕