(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ បានផ្តល់ជូនធនធាន និងសក្តានុពល ចូលរួមចំណែកក្នុងវិស័យការងារទទួល បានប្រាក់បៀវត្ស ដើម្បីជួយលើកកម្ពស់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចសង្គមជាតិយ៉ាងខ្លាំងផដែរ។

ការលើឡើងនេះ ខណៈលោកអភិបាលខេត្ត នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ នៅភោជនីយដ្ឋាន ឡេង ទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងរាស្ត្រ លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ក្នុង បានឲ្យដឹងថា សម្រង់ស្ថិតិទិន្នន័យកាលពីខែមីនា ឆ្នាំ២០២៣ ក្នុងស្រុកព្រៃនប់ មានទីតាំងប្រកបអាជីវកម្ម ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យចំនួន៣៩ទីតាំង ដែលមានមនុស្ស សរុប៣៧១នាក់ កំពុងបំរើការងារនៅក្នុងឃុំទាំង១៥ នៃស្រុកព្រៃនប់។

ក្នុងឱកាសនេះលោក គួច ចំរើន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចតេជោតែងតែបានរំលឹក និងបានចង្អុលណែនាំឱ្យអាជ្ញាធរធ្វើការទំនាក់ទំនងជាមួយ អ្នកបំរើការងារទេសចរណ៍មនុស្សពេញវ័យក្រៅប្រព័ន្ធ ហើយបងប្អូនមានសិទ្ធិជ្រើសរើសសេរីភាព ហើយកម្ពុជាជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស អ្វីដែលខុសច្បាប់ គឺការប្រើប្រាស់ ឬជួញដូរគ្រឿងញឿន និងការប្រើបា្រស់អាវុធជាដើម។ រាជរដ្ឋាភិបាលមិនទុកឱ្យបងប្អូននៅដាច់ដោយឡែកនោះទេ ព្រមទាំងបានឈ្វេងយល់ពីសុខទុក្ខបងប្អូនបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្ស ពេញវ័យនៅស្រុកព្រៃនប់។

អភិបាលខេត្តបានបន្តទៀតថា ដើម្បីផ្សាភ្ជាប់ដោះស្រាយគោលនយោបាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននិវត្ត ព្រោះការទទួលបានបណ្ណ ប.ស.ស វាមានអត្ថប្រយោជន៍ក្នុងការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ការងារ ជាដើម ហើយសូមស្នើសុំថៅកែ និងម្ចាស់ទីតាំងទាំងអស់ ត្រូវធ្វើការចុះបញ្ជី និងសហការជាមួយមន្ទីរការងារ ដើម្បីឱ្យបុគ្គលិករបស់យើងទទួលបានបណ្ណ ប.ស.ស និងប្រាក់សោធន៍និវត្តដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។

ចាប់ពីឆ្នាំ២០២៣ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយរបបសន្តិសុខសង្គមជូនបុគ្គលិករោងចក្រ សហគ្រាស និងបុគ្គលិកបំរើការងាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឱ្យទទួលបានប្រាក់សោធន និវត្ត ដើម្បីទទួលបានអត្ថប្រយោជនថែទាំងសុខភាព និងប្រាក់សោធននិវត្តនៅពេលយើងមានអាយុ៦០ឆ្នាំ ទទួលបានប្រាក់សោធននិវត្ត តាមកម្រិតការងារដែលយើងបានធ្វើ ដើម្បីទាញយកអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម តាមអតីតភាពការងាររៀងៗខ្លួន។

កម្ពុជារៀបចំប្រព័ន្ធប្រជាធិបតេយ្យ ដោយយើងបានរៀបចំការបោះឆ្នោត ៦ដងរួចមកហើយ ដែលប្រជាជនបានបោះឆ្នោតគាំទ្រសម្តេចតេជោ ដឹកនាំប្រទេសប្រកបដោយភាពរីកចម្រើន និងសេចក្តីសុខ សុភមង្គល ហើយលទ្ធផល នៃការបោះឆ្នោតបានផ្តល់អត្ថប្រយោជន៍ជូនបងប្អូនទាំងអស់គ្នា និងស្នើសុំឱ្យបងប្អូនទៅចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលពី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ក្នុងឱកាសនោះអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យក្នុងស្រុកព្រៃនប់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល៕