(ភ្នំពេញ)៖ លោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសេចក្តីសន្និដ្ឋានដោយសម្រេចតម្កល់បទចោទលើលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ពីបទ «កេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់»។

ការសម្រចតម្កល់បទចោទប្រកាន់នេះធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីអង្គសវនាការបានសួរដេញដោលលើជនត្រូវចោទបានបញ្ចប់។

ក្រោយសេចក្តីសន្និដ្ឋានតម្កល់បទចោទរបស់ខាងតំណាងអយ្យការនេះ លោកស្រី លី សុខវួច ដែលជាចៅក្រមជំនុំជម្រះ បានប្រកាសសម្រេចលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រមនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថា អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួង ដើម្បីទៅបើកប្រាក់ពីធនាគារលោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនកាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ ពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង ១,៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។

ក្រៅពីកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ ជនសង្ស័យរូបនេះ ក៏ពាក់ព័ន្ធនឹងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាត ប្រាក់ផងដែរ ទើប ACU ចាប់ខ្លួនបញ្ជូនមកតុលាការចាត់ការតាមច្បាប់៕