(កំពង់ធំ)៖ លោកស្រី ហុង ផានី ងួនរតនៈ ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ និងលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសគណ:កម្មការ សាខាសមាគនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងគ្រូបង្រៀន គ្រូពេទ្យ និងថ្នាក់ដឹកនាំសាខាសមាគមនារីខេត្តកំពង់ធំប្រមាណ២០០នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

លោកស្រី លំ គន្ធារី ប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានលើកឡើងថា សមាគមបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ខេត្ត ការងារមនុស្សធម៌ និងសកម្មភាពផ្សេងទៀត ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញស្ត្រី និងកុមារ និងជនងាយរងគ្រោះឱ្យទទួលបាននូវសិទ្ធិការពារ និងផលប្រយោជន៍តាមរយៈការកែប្រែឥរិយាបថសង្គមឱ្យទទួលស្គាល់ស្ត្រី ជាដៃគូដ៏សំខាន់ នៅក្នុងការអភិវឌ្ឍសង្គម។

លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

លោកស្រី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមកដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។

លោកស្រីបានបញ្ជាក់ថា «ដើម្បីរំលឹកពីការតស៊ូរបស់ស្រ្តីការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការទទួលបានសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី ពិសេសរំលេចពីតម្លៃនៃសន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សា ដែលរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខមាលភាពសង្គម ដោយទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា»

លោកស្រី បានលើកទឹកចិត្តដល់មន្រ្តីរាជការស្រ្តីដែលកំពុងបំរើការងារក្នុងគោលបំណងអភិវឌ្ឍន៍លើកម្ពស់សម្ថភាពនៅក្នុងស្ថាប័ន ក៏ដូចជាអង្គភាពធ្វើយ៉ាងណាឲ្យក្លាយជាអ្នកដឹកនាំ និងជាម្តាយល្អដើម្បីទទួលបានសន្តិភាព និងសុភមង្គលនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ។

លោកស្រី ហុង ផានី ងួនរតនៈ បានថ្លែងឲ្យដឹងថា កន្លងមកសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក បានធ្វើសកម្មភាពជាច្រើន ផ្សារភ្ជាប់ជាមួយរដ្ឋបាលខេត្ត ហើយសហការបានយ៉ាងល្អជាមួយសមាគមន៍នារីខេត្ត ក្នុងការចូលរួមចុះសួរសុខទុក្ខ និងនាំយកថវិកាដើម្បីលើកស្ទួយស្រ្តីនៅតាមមូលដ្ឋាន ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមដោះស្រាយរាល់អំពើហិង្សាក្នុងគ្រួសារជាដើម។

លោកស្រីបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នារី ដែលបានលើកកម្ពស់ និងផ្តល់ឱកាសដល់មន្ត្រីរាជការជានារី បានរួមចំណែកកាន់យ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនារីយើងត្រូវអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ពង្រឹងចំណេះដឹងរបស់ខ្លួនឲ្យមានការវិវត្តន៍ រីកចម្រើនជាលំដាប់ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្ថាប័នដទៃ និងផ្នែកឯកជនដើម្បីលើក កម្ពស់ស្រ្តី និងធានាការផ្តល់សេវាជូនប្រជាជនឲ្យកាន់តែល្អប្រសើរថែមទៀត ដូចជាការខិតខំការពារនូវសមិទ្ធផលដែលបានកសាង សំដៅរួមចំណែកឲ្យសម្រេចគោលដៅនៃការកាត់បន្ថយភាពក្រីក្រ។

ចុងក្រោយលោកស្រី ហុង ផានី ងួនរតនៈ បានផ្ដាំផ្ញើទៅដល់នារីគ្រប់រូបត្រូវសាមគ្គីភាពជាធុងមួយ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ខិតខំប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួន អប់រំកូនចៅឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន៕