Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ផ្តល់ផ្លូវ ដាក់ប្រព័ន្ធលូ និងផ្តល់ថវិកាជួសជុលសាលាឆាន់ក្នុងវត្ត នៅខេត្តបន្ទាយមានជ័យ

26-07-2016 09:49

(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំក្រុមការងារ ចុះទៅជួសជុល និងធ្វើផ្លូវមួយខ្សែប្រវែងជាង៣០០ម៉ែត្រ ដែលមានការលំបាកយ៉ាងខ្លាំង សម្រាប់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ស្ថិតនៅភូមិកន្ទួត សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានការស្នើសុំ ពីរដ្ឋអំណាចមូលដ្ឋាន និងប្រជាពលរដ្ឋនៅតំបន់នោះ។

លោក អាត់ ខែម បានថ្លែងពេលចុះពិនិត្យមើល ការជួសជុលផ្លូវនៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ថា ផ្លូវមួយខ្សែនេះ គឺជាការឧបត្ថម្តរបស់ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យបងប្អូនអាចធ្វើដំណើរ បានយ៉ាងស្រួល។

ជាមួយគ្នានេះ នៅថ្ងៃដដែលនោះ លោក អាត់ ខែម បានចុះទៅពិនិត្យមើលផ្លូវមួយខែ ដែលជួសជុលហើយ ស្ថិតនៅចាប់ពីឃុំទ្រាស់ របស់ស្រុកស្វាយចេក ទៅដល់ឃុំគោករមៀត របស់ស្រុកថ្មពួល ប្រវែងជាង៧គីឡូម៉ែត្រ ដើម្បីរៀបចំដាក់ប្រព័ន្ធលូ ឲ្យទឹកហូរកាត់បានពេលមានភ្លៀងធ្លាក់ខ្លាំង នារដូវវស្សានេះ។

បន្ទាប់មកលោកស្នងការ ក៏បន្តយកថវិកា ចំនួន៨០០ដុល្លារ របស់លោកឧបនាយករដ្ឋមន្រ្តី ទៅប្រគេនព្រះចៅអធិការវត្តសឹង្ហ ស្ថិតនៅឃុំសឹង្ហ ស្រុកអូរជ្រៅ ដើម្បីចូលរួមចំណែក ជួសជុលសំយ៉ាប សាលាឆាន់ ដែលរងការខូចខាតដោយសារ ខ្យល់កន្រ្តាក់កាលពីពេលកន្លងទៅ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានចែកប្រេងកូឡា និងនំចំណី ដល់ប្រជាពលរដ្ឋ ហើយនឹងក្មេងៗផងដែរ៕