(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់គិតគូរ និងដោះស្រាយ បញ្ហាសុវត្ថិភាព ប្រជាពលករដែលចាកចេញពី ប្រទេសរបស់ខ្លួន ទៅធ្វើការនៅប្រទេសផ្សេងទៀត។ សម្តេចក្រឡាហោម ស ខេង ថ្លែងថា មន្រ្តីទាំងអស់ត្រូវដោះស្រាយបញ្ហាជូនពលករ ដែលជួបបញ្ហានៅលើ ទឹកដីរបស់គេឲ្យបានល្អប្រសើរ។
សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ខណៈសម្តេចចូលរួមនៅក្នុងកិច្ចប្រជុំដកបទពិសោធន៍ ការងារគ្រប់គ្រងលំហូរមិនប្រក្រតីនៃពលករឆ្លងកាត់ព្រំដែនរៀបចំធ្វើ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្តបន្ទាយមានជ័យ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កន្លងមកនេះពលករខ្មែរ ទៅធ្វើការនៅប្រទេសថៃ បានជួបប្រទះនូវបញ្ហាមួយចំនួន ដូចជា ការផ្លាស់ប្តូរប័ណ្ណ ញឹកញាប់ពេក និងទាក់ទងបញ្ហានៃការស្នាក់នៅជាដើម។
គួរបញ្ជាក់ផងដែរថា ក្រៅពីវត្តមានរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏មានមន្រ្តីពាក់ព័ន្ធមកពី ខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ កោះកុង ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តកណ្តាល ចូលរួមពិភាក្សានៅក្នុងកិច្ចប្រជុំ ខាងលើនេះផងដែរ៕