(កំពង់ឆ្នាំង)៖ កម្មការិនីរោងចក្រម្នាក់បានស្លាប់ ខណៈ៤២នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តដឹកកម្មកររោងចក្រជាមួយម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដែលបាលផ្ដល់មកឲ្យភ្នាក់ងារ ព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង។

លោក លី ណា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នៅវេលាម៉ោង ១៨៖២៥នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ខៀវពាក់ស្លាកលេខកំពង់ធំ 3A-0765 អ្នកបើកបរឈ្មោះ ហាន រ៉ា អាយុ៤៦ឆ្នាំ រស់នៅភូមិព្រែកខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ (បច្ចុប្បន្នត្រូវឃាត់ខ្លួន) ដឹកកម្មកររោងចក្រចំនួន៥៧នាក់ (ស្រី៥៦នាក់) បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងដំណើរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង។

លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប៉ះជាមួយម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1D-2290 ដែលអ្នកបើកបរម៉ូតូមានឈ្មោះ មាស បូរិទ្ធ អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ក្នុងដំណើរស្របទិសគ្នាបណ្ដាលឱ្យស្លាប់កម្មការិនីម្នាក់ និងរងរបួសកម្មករកម្មការិនីចំនួន៤២នាក់។

ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងមួយចំនួនទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ចំពោះរថយន្ត និងម៉ូតូរួមទាំងតៃកុងរថយន្ត និងអ្នកបើកបរម៉ូតូត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងស្រាវជ្រាវតាមនីតិវិធីរបស់សមត្ថកិច្ចជំនាញផងដែរ។

ករណីគ្រោះថ្នាក់ខាងលើនេះ បើយោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ និងបញ្ជូនជនរងគ្រោះមក ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាម ថ្នាក់ដឹកនាំក្នុងខេត្តជាច្រើន ដឹកនាំដោយលោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកាជូនដល់កម្មករ កម្មការិនី ដែលបានរងគ្រោះទាំងយប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចផងដែរ។

នៅក្នុងឱកាសនោះលោកអភិបាលខេត្ត រួមនឹងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាសាខាខេត្ត ក៏បានឧបត្ថម្ភនូវថវិកាជូនដល់កម្មករ កម្មការិនីដែលបានរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល។ ដោយឡែក ក្នុងចំណោមជនរងគ្រោះទាំងអស់មានកម្មការិនី៣នាក់ ដែលមានផ្ទៃពោះ ទទួលបានថវិកាឧបត្ថម្ភពីកាកបាទក្រហមក្នុងម្នាក់ៗ៣០ម៉ឺនរៀល និងអ្នកកំដរអ្នកជំងឺទទួលបាន៥ម៉ឺនរៀល។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរសព្ទនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា នៅព្រឹកមិញ លោក គុយ សុផល ទេសរដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងព្រះបរមព្រះរាជវាំង លោកក៏បានអញ្ជើញដឹកនាំក្រុមការងារ ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីណាក់សម្ដេចចៅហ្វារាំង គង់ សំអុល និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដល់កម្មករកម្មការិនីដែលបានរងគ្រោះទាំងអស់ដោយក្តីអាណិតអាសូរជាទីបំផុត។

ក្នុងនោះលោកទេសរដ្ឋមន្ត្រី បាននាំយកនូវថវិកាផ្ដល់ជូនដល់កម្មករ កម្មការិនីដែលរងគ្រោះ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច រួមទាំងមន្ទីរ ពេទ្យឯកជន ដោយម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល និងអ្នកកំដរអ្នកជំងឺទទួលបាន១០ម៉ឺនរៀល ក្នុងនោះលោកទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យដែលខិតខំថែទាំ និងព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំព ង់ឆ្នាំងចំនួន២លានរៀល។

លោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះទាំងអស់ មានជនរងគ្រោះ៣នាក់មានផ្ទៃពោះ និងក៏មានជនរងគ្រោះជាកម្មការិនី៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញផងដែរ៕