(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមជួសជុលបន្ទាន់ប្រវែង ១.២០០ម៉ែត្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតនៅភូមិលឹក និងភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទីខេត្ត បានបញ្ជាក់ថា ការជួសជុលបន្ទាន់សាងសង់ផ្លូវក្រាលក្រួសក្រហមនៅពេលនេះ ជាការឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសដើម្បីសម្រួល ចរាចរណ៍នៅក្នុងមូលដ្ឋានក្នុងឃុំព្រះដំរី ដើម្បីឱ្យមានការប្រសើរឡើងជាងមុន។

លោក ព្រឹម រដ្ឋា បានណែនាំដល់ក្រុមហ៊ុន ដែលជាអ្នកទទួលការសាងសង់ គឺក្រុមហ៊ុន តាន់ ម៉េងហុង ខុនស្ត្រាក់សិន ត្រូវធ្វើការជួសជុលស្ថាបនាផ្លូវនេះឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដើម្បីធានាបានគុណភាព និងប្រើប្រាស់បានយូរអង្វែងឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឱ្យបានកាន់តែងាយស្រួលជាងមុន ក្នុងការដឹកជញ្ជូនកសិផលប្រកបដោយសុវត្ថិភាព។

លោកបានអំពាវនាវបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវនាំគ្នាចូលរួមថែរក្សាផ្លូវនេះគឺមិនត្រូវរំលោភចំណីផ្លូវ ឬចាក់ដីឱ្យខ្ពស់ជាងផ្លូវដែលនាំឱ្យមានការកកស្ទះឬដក់ទឹកនៅលើផ្លូវ ដែលជាមូលហេតុចម្បងនាំមានការ ខូចខាតផ្លូវមុនការកំណត់។

លោកបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការចូលរួមថែរក្សាបរិស្ថាន នៅក្នុងមូលដ្ឋាន ក៏ដូចជាលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងឃុំឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោក ព្រឹម រដ្ឋា បានណែនាំមន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជារដ្ឋបាលឃុំព្រះដំរី ត្រូវតាមដានរាល់សកម្មភាពសាងសង់របស់ក្រុមហ៊ុនខាងលើ ដើម្បីឱ្យសំណង់ធានាបាននូវតាមបទដ្ឋានបច្ចេកទេសកិច្ចសន្យា និងទាន់ពេលវេលា៕