(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងលោក ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី នៃក្រសួងដែនដី នគររូបណីយ៍កម្ម និងសំណង់ និងលោក ប្រាក់ ចាំ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ​។

លោក ហែម​ ពិសិដ្ឋ​ ក្នុងនាមលោកអភិបាលខេត្ត បានសម្តែងការស្វាគមន៍ចំពោះវត្តមានលោក ម៉េង ប៉ុណ្ណារិទ្ធ​ និងក្រុមការងារបច្ចេកទេស នៃធនាគារជាតិអភិវឌ្ឍន៍អាស៊ី ADB និងលោក លោកស្រី ដែលមានវត្តមានក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។

ជំនួសមុខឱ្យលោកអភិបាលខេត្ត លោកសូមផ្តាំផ្ញើដល់សមាជិកគណៈកម្មាធិការរៀបចំដែនដី នគររូបនីយកម្មថ្នាក់ខេត្ត សូមយកចិត្តទុកដាក់អនុវត្តកិច្ចការមួយចំនួនដូចខាងក្រោម៖​ 

*ទី១៖ យកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តផែនការរៀបចំដីថ្នាក់ខេត្ត ឱ្យបានត្រឹមត្រូវតាមស្តង់ដារ មានសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
*ទី២៖ មន្ទីរជំនាញ អាជ្ញាធរដែនដី ត្រូវសហការគ្នា ពិនិត្យជំរុញការរៀបចំផែនការប្រើប្រាស់ដី នៅតាមក្រុងស្រុកផ្សេងៗទៀតឱ្យបានឆាប់ ពិសេសប្រភេទលំនៅដ្ឋាន ឬសំណង់ និងលក្ខណៈសេដ្ឋកិច្ចសង្គម ផលិតផលសក្កដានុពលរបស់ក្រុងស្រុកនីមួយៗ។
*ទី៣៖ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីស្ថានភាពប៉ូលភូមិសាស្ត្ររបស់ខេត្ត ដល់បណ្តាអ្នកវិនិយោគ ដើម្បីបង្កលក្ខណៈងាយស្រួល ក៏ដូចជាតម្រង់ទិសដៅផែនការអភិវឌ្ឍន៍ឱ្យចំទិសដៅ ប្រកបដោយចក្ខុវិស័យ និងយុទ្ធសាស្ត្រ៕