(កំពង់ឆ្នាំង)៖ សហគមន៍កសិកម្មចំនួន៣ នៅខេត្តកំពង់ឆ្នាំង តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា CACC លើការផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរី រាង្គផ្ការំដួលតម្លៃជាទឹកប្រាក់ប្រមាណ ៤៣៥លានរៀល ដែលបានប្តូរពូជសុទ្ធល្អក្នុងខេត្តកំពង់ឆ្នាំង។
ពិធីចុះកិច្ចសន្យាទិញលក់នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម, លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) និង លោក ឆុង សុ ផល ប្រធានគម្រោងសមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) និងមានការចូលរួមជាពីសំណាក់អស់លោក លោកស្រី ជាអនុប្រធានប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ប្រធានការិយាល័យ កសិ-ឧស្សាហកម្ម ព្រមទាំងអស់លោក លោកស្រីជាប្រធាន អនុប្រធាន គណៈកម្មការសហគមន៍កសិកម្ម តំណាងស្ថាប័ននិងដៃគូពាក់ព័ន្ធ។
លោក ឆុង សុផល បានលើកឡើងអំពីវឌ្ឍនភាពរសហគមន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង ដែលមានការគាំទ្រពីគម្រោងនានា។ លោក កាន់ គន្ធី បានបញ្ជាក់ថា ការចុះកិច្ចសន្យាកសិកម្មនេះ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុ ជា (CACC) នៅក្នុងឆ្នាំ២០២៣នេះ ក៏បានចូលរួមចំណែកផ្តល់ជាឥណទានពូជស្រូវផ្ការំដួលចុះបញ្ជីប្រមាណ ៨៣០០គីឡូក្រាម និងឥណទានជីសេរីរាង្គប្រមាណ ៤០តោន សម្រាប់ការដាំដុះឆ្នាំ២០២៣នេះ ដើម្បីចូលរួមចំណែកក្នុងការបង្កើនទិន្នផល និងគុណភាពអង្ករសម្រាប់ការនាំ ចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបញ្ជាក់ទៀតថា កិច្ចសន្យាកសិកម្មនេះគឺជាចលករមួយដ៏សំខាន់ដើម្បីសម្រេចឱ្យបាននូវផែនការនៃកិច្ចសន្យាផលិតកម្មកសិកម្មដែលបានគ្រោងទុកដែលជាការបន្ថែមពីលើការជួយជ្រោមជ្រែង ដែលជាតួរអង្គសំខាន់ ក្នុងការជំរុញនិងសម្រួលនូវកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម និងបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក។
លោក ងិន ហ៊ុន បានឱ្យដឹងថា កិច្ចសន្យាដែលបានធ្វើឡើងនាពេលនេះ ពិតជាមានសារៈប្រយោជន៍ធំសម្រាប់សហគមន៍កសិកម្មនៅខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំនូវផែនការផលិតឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដោយធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ចំពោះសហគមន៍កសិកម្មផ្សេងទៀត ដែលពុំទាន់បានចូលរួមចុះកិច្ចសន្យា មន្ទីរនឹងសហការជាមួយអង្គការដៃគូ ដើម្បីពន្យល់ណែនាំដល់សហគមន៍ទាំងអស់ត្រៀមលក្ខណៈលើការចូលរួមទាំ ងអស់គ្នា ដើម្បីការអភិវឌ្ឍន៍របស់សហគមន៍អោយមាននិរន្តរភាព ដោយទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌រវាងដៃគូរក្រុមហ៊ុន និងសហគមន៍។
គួរបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង មានសហគមន៍កសិកម្មចំនួន៦២ ដែលបានទទួលស្គាល់ពីមន្ទីរកសិកម្ម។ ការចុះកិច្ចសន្យានេះបានផ្តល់ផលប្រយោន៍ដល់កសិករ ដោយមិនចាំបាច់ស្វែងរកទីផ្សារលក់ផលិតផលកសិកម្មនោះទេ គឺអាចរក្សាតម្លៃបានល្អនៅលើទីផ្សារជូនប្រជាសហគមន៍ផងដែរ៕