(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូមកពីខេត្តហឺណាន ប្រទេសចិន ដឹកនាំដោយលោក Wang Guangguo អនុប្រធានសភាពាណិជ្ជកម្មចិននៅក្រៅប្រទេស និងជាប្រធានប្រតិបត្តិ នៃសភាពាណិជ្ជចិននៅក្រៅប្រទេស ខេត្តហឺណាន ដែលបានមកដល់ទឹកដីខេត្តកំពង់ស្ពឺ ដើម្បីសិក្សាស្វែងរកឱកាស វិនិយោគ ទៅលើវិស័យឧស្សាហកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម។

នៅក្នុងជំនួបនោះលោក Wang Guangguo បានថ្លែងថា ខេត្តហឺណានជាខេត្តមួយដែលមានប្រជាជនច្រើន តែផ្ទៃដីតូច និងប្រកបរបរកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដូចខេត្តកំពង់ស្ពឺដែរ ដែលមានប្រជាជនពឹង ផ្អែកលើផ្អែកកសិកម្មច្រើន ទាំងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ។

លោកថា «ខេត្តហឺណានក៏មានអ្នកជំនួញដល់ទៅជាងមួយលាននាក់ និងច្រើនសមាគម។ ដោយសារតែវិស័យទាំង៣នេះ មានការរីកចម្រើនខ្លាំង ទើបអ្នកជំនួញទាំងអស់មានបំណងចង់បង្កើតការវិនិយោគមួយ នៅក្នុងខេត្តកំពង់ស្ពឺលើផ្ទៃដីរួម គឺកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម»។

លោក វ៉ី សំណាង បានបញ្ជាក់ថា ក្រោយជំនួបនេះប្រតិភូខេត្តហឺណាន បានកំណត់រួចហើយថានឹងយកខេត្តកំពង់ស្ពឺ ធ្វើជាខេត្តគោលដៅចម្បងសម្រាប់វិនិយោគលើវិស័យទាំង៣នេះ រួមមាន៖

*វិស័យកសិកម្ម
*កសិឧស្សាហកម្ម
*ឧស្សាហកម្ម។ នៅក្នុងជំនួបនោះ អ្នកវិនិយោគ នៃខេត្តហឺណាន បានរំពឹងរួចហើយថា ពួកគេនឹងធ្វើការដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីនាំចេញទៅលក់នៅក្នុងប្រទេសចិន និងពិភពលោកទាំងមូល។

លោក វ៉ី សំណាង បានរំពឹងទុកផងដែរថា នៅពេលដែលអ្នកវិនិយោគរបស់ខេត្តហឺណាន បោះទុននៅក្នុងខេត្តកំពង់ស្ពឺ នោះជាឱកាសការងារថ្មីមួយបន្ថែមទៀតដែលអាចស្រូបទាញយកកម្លាំងពលកម្ម រាប់ម៉ឺននាក់បន្ថែមទៀត នៅពេលអនាគត ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកអភិបាលខេត្ដ រំពឹងថា «ក្រោយការសិក្សារបស់ក្រុមការងារទាំងអស់នេះ នោះរោងចក្រ សហគ្រាស ក៏ដូចជាវិស័យដាំដុះ និងចិញ្ចឹមត្រូវបានកើនឡើង នៅក្នុងទឹកដីខេត្តកំពង់ស្ពឺជាបន្ថែមទៀត»

ជាការកត់សម្គាល់ ក្នុងជំនួបជាមួយនឹងកម្មករ-កម្មការិនី នាពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែលើកអំពីការប្រែប្រួលខ្លាំងនៃខេត្ដកំពង់ស្ពឺ​ ជាពិសេសខាងរោងចក្រ ដែលអ្នកវិនិយោគភាគច្រើន ចាប់អារម្មណ៍ចង់វិនិយោគនៅក្នុងខេត្ដនេះ។

ជាក់ស្ដែងនាពេលកន្លងទៅ លោក វ៉ី សំណាង ក៏បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងសេដ្ឋកិច្ចហុងកុង ប្រទេសចិន ដើម្បីជួបអ្នកវិនិយោគ ឲ្យមករកស៊ីនៅក្នុងទឹកដីខេត្ដកំពង់ស្ពឺ ហើយខេត្ដមួយនេះ ក៏បានក្លាយជាតំបន់សក្ដានុពល សម្រាប់ការបង្កើតរោងចក្រផងដែរ៕