(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងវិស័យឯកជនថៃនៅកម្ពុជា រួមគ្នាឧបត្ថម្ភដល់ដេប៉ាតឺម៉ង់ភាសាថៃ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh-RUPP) ចាត់រៀបចំទិវាកវីស៊ុនថនភូ លើកទី៦ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ពិធីនេះ ក្រោមវត្តមានលោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូត និងលោកបណ្ឌិត ជេត ជាលី សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញជាសហប្រធាន និងដោយមានការចូលរួម ពីសំណាក់មន្ត្រីរាជការ នៃស្ថានឯកអគ្គរាជទូត និងវិស័យឯកជនថៃនៅកម្ពុជា មានដូចជាក្រុមហ៊ុន SCG Cambodia, Bangkok Bank (Cambodia), Major Cambodia, Big C Cambodia និងក្រុមហ៊ុន Da Dairy Trading ចូលរួម និងជួយឧបត្ថម្ភកម្មវិធីផងដែរ។
នៅក្នុងកម្មវិធីខាងលើនេះ មានវត្តមានសិស្សនិស្សិតនៃដេប៉ាតឺម៉ង់ភាសាថៃ ចូលរួមជាង ១៥០ នាក់ ដោយមានកម្មវិធីប្រកួតភាសាថៃ តាមប្រភេទផ្សេងៗមានដូចជា ការថ្លែងបទសន្ទរកថាជាភាសាថៃ ការសរសេរអក្សរផ្ចង់ភាសាថៃ ការតែងកំណាព្យ និងការច្រៀងភាសាថៃ។
ក្រៅពីនេះនៅមានការដាក់តាំងបង្ហាញពីជីវៈប្រវត្តិកវីស៊ុនថនភូ ការសម្តែងឈុតឆាកខ្លីក្នុងរឿងនិទានថៃ និងការសម្តែងទេពកោសល្យរបស់និស្សិតជំនាញភាសាថៃ ការបង្ហាញពីរបៀបធ្វើនំថៃដោយភរិយាៗ របស់មន្ត្រីរាជការនៃស្ថានទូត។
ជាងនេះទៀតនោះ លោកឯកអគ្គរាជទូត មន្ត្រីរាជការនៃស្ថានទូត និងតំណាងឯកជនថៃបានប្រគល់វិញ្ញាប័ណ្ណប័ត្រ និងរង្វាន់ជូនដល់សិស្សនិស្សិតជ័យលាភី តាមការប្រភេទការប្រកួតផ្សេងៗផងដែរ។
ស្ថានឯកអគ្គរាជទូតថៃ ជំរុញ និងលើកស្ទួយដល់សិស្សនិសិ្សតដេប៉ាតឺម៉ង់ភាសាថៃ ពីគ្រប់សកលវិទ្យាល័យនៅកម្ពុជា ឲ្យចូលរួមកម្មវិធីដែលជំរុញ និងអភិវឌ្ឍជំនាញភាសា និងវប្បធម៌ថៃ ហើយថែមទាំងគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សិស្សនិស្សិត នៅក្នុងការរៀបចំកម្មវិធីផ្សេងៗដើម្បីបន្ត និងបង្កើតនូវឱកាសការសិក្សាអប់រំ និងប្រកបរបរផ្សេងៗនាថ្ងៃអនាគត។
រាជរដ្ឋាភិបាលថៃ ដោយមាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិជាសេនាធិការបានជួយឧបត្ថម្ភ និងគាំទ្រដេប៉ាតឺម៉ង់ភាសាថៃ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈការអភិវឌ្ឍន៍កម្មវិធីសិក្សា វិធីសាស្ត្រការបង្រៀននិងឧបករណ៍សិក្សា និងការបញ្ជូន «អ្នកស្ម័គ្រចិត្តមិត្តថៃ» ដើម្បីបំពេញតួនាទីជាគ្រូបង្រៀនភាសាថៃជាប្រចាំរៀងរាល់ឆ្នាំ៕