(បន្ទាយមានជ័យ)៖ លោក សេរី កុសល អ្នកតំណាងរាស្ដ្រខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ដចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ នៅក្នុងបរិវេណវត្ដកណ្ដាល នៃទីប្រជុំជនស្រុកភ្នំស្រុក ដែលមានសមាជិក-សមាជិកាបក្សប្រជាជន និងបក្សផ្សេងៗ ដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ប្រមាណជាង ១,៥០០នាក់។
លោក សេរី កុសល បានសម្ដែងនូវការដឹងគុណ ចំពោះប្រជាពលរដ្ឋនៃឃុំស្រះជីក ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក។
លោក សេរី កុសល ក៏បានលើកឡើងពីអវត្ដមាននៃការចូលរួមបោះឆ្នោត របស់គណបក្សភ្លើងទៀន ដោយសារបំពេញឯកសារមិនគ្រប់គ្រាន់។ លោក សេរី កុសល បានលើកឧទាហរណ៍ នៃការព្រងើយកន្តើយ ចំពោះពេលវេលា នៃការចូលរួមការបោះឆ្នោត ដែលជាការមើលងាយដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
លោកថា ការពិតគណបក្សភ្លើងទៀននេះ មានចេតនាមិនចង់ចូលរួមការបោះឆ្នោតទេ ដោយហេតុថាអ្នកបង្កើតគណបក្សនេះ បានលាក់ទុកឯកសារដើម និងដាក់ខ្លួនឱ្យនៅឯកការ ដូច្នេះជនដែលជាអ្នកបង្កើតគណបក្សនេះ ចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តែដោយសាររូបគេមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានទើប រូបគេប្រើឧបាយកលគ្រប់បែបយ៉ាង បោកបញ្ឆោតអ្នកគាំទ្ររបស់ខ្លួន។
លោក សេរី កុលស បានលើកឡើងថា ដូចគ្នាទៅនឹងគណបក្សសង្គ្រោះជាតិដែរ គឺលោក សម រង្ស៉ី ខ្លួនឯងជាអ្នកបំផ្លាញគណបក្សនេះ នៅពេលដែលដឹងថា លោក កឹម សុខា នឹងក្តោបយកគណបក្សតែម្នាក់ឯង។
ទន្ទឹមនឹងនេះ លោក សេរី កុសល បានលើកឡើងអំពីល្បិចកលនយោបាយ ទាក់ទងទៅនឹងអតីតកាលបច្ចុប្បន្ន និងទៅអនាគតនៃអ្នកនយោបាយអគតិ ដែលមានចេតនាបំផ្លាញសុខសន្តិភាពនៅកម្ពុជា ព្រោះគេគិតថាបោះឆ្នោតមិនឈ្នះគណបក្សប្រជាជនកម្ពុជាដដែលទេ ទើបគេមានចេនាចង់ឲ្យបក្សរបស់គេរលាយ ដើម្បីគៀបសង្កត់រាជរដ្ឋាភិបាល ទម្លាក់កំហុសលើករាជរដ្ឋាភិបាល ឱ្យបរទេសកាត់ផ្តាច់ជំនួយផ្សេងៗ។
ក្នុងឱកាសនោះ លោក សេរី កុសល ក៏បានលើកឡើងអំពីអនុស្សាវរីយ៍ពីអតីតកាល ដែលនៅក្នុងទីប្រជុំ ក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ដែលប្រយុទ្ធគ្នាយ៉ាងសាហាវពីអតីតកាល ដែលបងប្អូនត្រូវចងចាំអំពីតម្លៃសន្តិភាព និងភាពឈឺចាប់ពីអតីតកាល ធ្វើយ៉ាងណាកុំឱ្យសង្គ្រាមកើតមានជាថ្មី។
លោក សេរី កុសល ស្នើសុំដល់ប្រជាពលរដ្ឋ ជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងបេក្ខជនបន្ដវេន គឺបណ្ឌិត ហ៊ុន ម៉ាណែត ដែលនាំមកនូវសុខសន្ដិភាព និងការអភិវឌ្ឍន៍។
លើសពីនោះទៀត លោកបានណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កុំបីអាក់ខានឡើយ។
នៅក្នុងពិធីនេះ លោក សេរី កុសល ក៏បានឧបត្ថម្ភស៊ីម៉ង ២តោនកន្លះ និងជួសជុលផ្លូវក៏ដូចជាសម្ភារមួយចំនួន ជូនដល់សាលាឃុំស្រះជីក និងបានផ្ដល់ថវិកាដល់អ្នកមានផ្ទៃពោះជាង៣០នាក់ ក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល និងសារ៉ុងមួយ ព្រមទាំងជនពិការ និងអ្នកចូលរួមទាំងអស់ ក្នុងម្នាក់ ទទួលបានសារ៉ុងមួយ ថវិកា១ម៉ឺនរៀល។
កម្មវិធីនោះក៏មានការពិសានំបញ្ចុកសាមគ្គីជាមួយបងប្អូនប្រជាជពលរដ្ឋ ចំនួន៥០០គីឡូក្រាម ប្រកបដោយបរិយាកាសប្បាយរីករាយ និងស្និតស្នាល៕