(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារកិច្ចជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បានជួបជាមួយប្រតិភូនៃក្រុមហ៊ុនវិនិយោគ ខែបភីថលអ៊ិនវេសមិន (Capital Investment) ដែលរួមមានក្រុមហ៊ុន ភីអាយអែស ខែបភីថល (PIF Capital) តំណាងដោយលោក ជូណាថាន ប៉ (Mr. Jonathan Por) ក្រុមហ៊ុន អែនហ្ស
ខែបភីថល (Antz Capital) តំណាងដោយ លោកស្រី ក្រែស លីម (Ms. Grace Lim) និងក្រុមហ៊ុន ហ្គ្រោសផាតនឺអេហ៊្សា (Growth Partners Asia) តំណាងដោយ លោក ម៉ូ ហ្សីដាន (Mr. Mo Zidan) ដើម្បីទទួលស្វាគមន៍ សម្តែងការគួរសម សំណេះសំណាល និងចែករំលែកព័ត៌មានអំពីគោលនយោបាយពាណិជ្ចកម្ម និងការវិនិយោគនៅកម្ពុជា។
ក្នុងជំនួបនោះ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការស្វាគមន៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះប្រតិភូនៃក្រុមហ៊ុនខែបភីថលអ៉ិនវេសមិន (Capital Investment) និងបានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារដល់ការវិនិយោគផ្ទាល់របស់បរទេសនៅក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាលនេះ លោក ជូណាថាន ប៉ បានជម្រាបអំពីគម្រោងវិនិយោគដែលនឹងជួយសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា ដើម្បីទទួលបានមូលនិធិវិនិយោគពីក្រៅប្រទេស និងដើម្បីអាចចុះបញ្ជីឡើងទីផ្សារមូលប័ត្រនៅក្នុង និងក្រៅប្រទេស។
លោកបន្តថា តាមរយៈការវិនិយោគនេះ ក៏មានភ្ជាប់ជាមួយនូវគម្រោងសប្បុរសធម៌ដើម្បីលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ:ផងដែរ។
ឆ្លើយតបតការស្នើសុំខាងលើនេះ លោក ព្រាប កុល សន្យាជួយគាំទ្រឱ្យមានយន្តការវាយតម្លៃ និងពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា ដើម្បីបំពេញលក្ខ ខណ្ឌ និងតម្រូវការរបស់ដៃគូវិនិយោគបរទេស។
ប្រតិភូនៃក្រុមហ៊ុនខែបភីថលអ៉ិនវេសមិនទាំងអស់ បានថ្លែងអំណរគុណ លោក ព្រាប កុល ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូបានជួបសម្តែងការគួរសម សំណេះសំណាល ចែករំលែកព័ត៌មាន និងពិភាក្សាការងារទាក់ទងការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ដែលកាយវិការនេះ បង្ហាញឱ្យឃើញការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី លើកកម្ពស់ទំនាក់ទំនងល្អជាមួយវិនិយោគិនបរទេស។
លោក ព្រាប កុល បានជម្រាបប្រតិភូទាំងអស់ថា រាល់ការវិនិយោគ និងការធ្វើ ពាណិជ្ជកម្មនៅកម្ពុជា ត្រូវរៀបចំទៅតាមនីតិវិធីឱ្យបានត្រឹមត្រូវ ពោលគឺត្រូវឆ្លងកាត់ក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យកិច្ចការរវិនិយោគ និងកិច្ចការពាណិជ្ជកម្មទាំងនោះ ទទួលបានការការពារស្របច្បាប់។
ប្រតិភូវិនិយោគិនទាំងអស់ បានប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល និងរីក រាយធ្វើការជាមួយលោក ព្រាប កុល និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅអ្នកវិនិយោគដែលមានសក្តានុពលនៅប្រទេសសឹង្ហបុរី និងនៅប្រទេសដទៃទៀតជុំវិញពិភពលោក៕