(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក គឹម រស្មី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអគ្គលេខាធិការរងក្រសួងការពារជាតិ បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ក្នុងកិច្ចដំណើរការនៃការកសាងសង្គមជាតិមួយ ឱ្យមានការរីកចម្រើនជឿនលឿន និងមានចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងភាពប៉ិនប្រសព្វប្រកបដោយស្មារតីទទួលខុសត្រូវរបស់ជរដ្ឋាភិបាលលើជោគវាសនាអនាគតនៃប្រទេសកម្ពុជា។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក គឹម រស្មី បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសិក្ខាកាមជំនាន់ទី៤ ឆ្នាំ២០២៣ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ឯក បានបន្តថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺជាអទិភាពចំពោះវិស័យ អប់រំ ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ឧត្ដមសិក្សា ដែលជាកត្តាមួយក្នុងចំណោមកត្តានានា បាននាំឱ្យកម្ពុជាក្លាយជាសង្គម មួយមានសុខដុមភាព វឌ្ឍនភាព និងការយោគយល់គ្នា។

មន្ត្រីជាន់ខ្ពស់ក្រសួងការពាររូបនេះ បានគូសបញ្ជាក់ថា៖ «យើងត្រូវបន្តយកចិត្តទុកដាក់ទាំងអស់គ្នា លើការងារអភិវឌ្ឍ វិស័យអប់រំ ដើម្បីសំដៅបន្តលើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាព ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានា ជាពិសេសត្រូវបណ្ដុះស្មារតីស្នេហាជាតិ សាមគ្គីភាពឱ្យបានរឹងមាំ និងប្រឆាំងដាច់ខាត់ ចំពោះការប៉ុនប៉ងណាមួយរបស់ពួកអគតិដែលតែងតែ រិះរកគ្រប់មធ្យោបាយ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់កម្ពុជា ដែលកំពុងមានសន្តិភាព ការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ»

ឧត្តមសេនីយ៍ឯក គឹម រស្មី បានថ្លែងថា សមិទ្ធផលជាច្រើន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ កត្តាទាំងអស់នេះ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិមួយ ទៅមុខបានដោយរលូនលើគ្រប់វិស័យ។ ក្នុងន័យនេះ យើងមិនត្រូវមើលរំលងពីគុណបំណាច់នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចំណាយពេលពេញមួយជីវិត ក្នុងដំណើរការនៃការរំដោះប្រទេសជាតិ ចេញពីសង្គ្រាម និងបន្តដឹកនាំអភិវឌ្ឍប្រទេ ស ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

សូមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០-មិថុនា-១៩៧៧ ដល់២០-មិថុនា-២០២៣» យើងទាំងអស់គ្នាចងចាំមិនអាចបំភ្លេចនូវគុណតម្លៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេស សង្រោះអាយុជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

កម្ពុជាបានឆ្លងផុត នូវសម័យកាលដ៏ខ្មៅងងឹតជូរចត់មួយនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតីតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ បានប្រែក្លាយប្រទេសដែលពោរពេញទៅដោយការកាប់សម្លាប់ ការបង្ហូរឈាមគ្នា អសន្តិសុខ ទៅជាប្រទេសមានសុខសន្តិភាព ការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍរីកចម្រើ នលើគ្រប់វិស័យ អាចនិយាយបានថា កម្ពុជាគឺជាដែនសន្តិភាព សម្រាប់មនុស្សជាតិ។

ឧត្តមសេនីយ៍ឯក គឹម រស្មី សង្ឈឹមយ៉ាងមុតមាំថា បងប្អូនសិក្ខាកាមនឹងខិតខំយកចិត្តទុកដាក់ ក្នុងការសិក្សាទាំងទ្រឹស្ដី ការអនុវត្តជាក់ស្ដែង ធ្វើកិច្ចការស្រាវជ្រាវ ដើម្បីយកចំណេះដឹងរបស់ខ្លួនទៅអនុវត្តកាតព្វកិច្ច ឱ្យក្លាយជានាយទាហានបន្តវេនដ៏ឆ្នើម ក្នុងការដឹកនាំ គ្រប់គ្រង អនុវត្ត ភារកិច្ចជូនអង្គភាព ប្រកបដោយប្រសិទ្ធភាព ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគតឱ្យកាន់តែល្អប្រសើរឡើង។ ម្យាងទៀតសិក្ខាកាមត្រូវអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជាផ្ទៃរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ដើម្បីបញ្ចប់វគ្គទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

ឧត្តមសេនីយ៏ទោ ហៀ ហ៊ីន នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានថ្លែងថា អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ក្រោមការដឹកនាំដោយផ្ទាល់ នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យការពារជាតិ ឱ្យមានចំណេះ ជំនាញ សមត្ថភាពគ្រប់គ្រាន់ និងក្លាយជានាយទាហានបន្តវេនដ៏ឆ្នើម ក្នុងការដឹកនាំ គ្រប់គ្រង អនុវត្តភារកិច្ចជូនអង្គភាព ប្រកបដោយប្រសិទ្ធភាព ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគតឱ្យកាន់តែល្អប្រសើរឡើង។

ដោយអនុវត្តតាមអនុសាសន៍ណែនាំពីនាយឧត្ដមសេនីយ៍ សំ វណ្ណថន និងការបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ ឯក គឹម រស្មី នាយទហានមជ្ឈមណ្ឌលទាំងអស់ខិតខំបំពេញតូនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីទំនាន់ទំនង សហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធបង្កើតវគ្គបណ្ដុះបណ្ដាលតាមជំនាន់ ឆ្នាំនីមួយៗ។ ដើម្បីសម្រេចកត្តាទាំងនេះឱ្យទទួលបានលទ្ធផលល្អប្រសើរបាន គឺត្រូវការចូលរួមពីយោធិន ដែលបានចាត់បញ្ជូនសិក្សាក្នុងវគ្គនេះផលដែរ៕