(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់បញ្ហាចំនួន៦ចំណុច ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀននៅកម្ពុជា ដែលគប្បីផ្តោតការយកចិត្តទុកដាក់ដោះស្រាយ ជាបន្តទៀ។
ការកត់សម្គាល់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ប្រជាជនជាចម្បង៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន, ពង្រឹងការងារ អប់រំបង្ការ» ក្នុងគោលបំណងផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែស៉ីជម្រៅ តាមរយៈការផ្ដល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជជនជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀត ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ការកត់សម្គាល់ពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃស្ថានភាព គ្រឿងញៀននៅកម្ពុជា របស់សម្តេចក្រឡាហោម ស ខេង រួមមាន៖
*ទី១៖ សមត្ថកិច្ចអនុវត្តច្បាប់បានខិតខំប្រឹងប្រែងស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបានបទល្មើស ចរាចរ កែច្នៃ ផលិត កាន់តែមានការកើនឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែង ដូចយើង ទាំងអស់គ្នាទើបបានស្តាប់លទ្ធផលបង្រ្កាប ករណីតាមរយៈសារលិខតសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅពេលមុននេះ។ ជាមួយនេះ អ្វីដែលកាន់តែជាក់ស្តែងទៀតនោះ គ្រាន់តែក្នុងដែនសមត្ថកិច្ចសាលាដំបូងរាជធានីភ្នំពេញមួយ យើងធ្វើការបង្រ្កាប និងរឹបអូសគ្រឿងញៀន គ្រប់ប្រភេទបានប្រមាណជាង៦តោនកន្លះ ដែលយើងទាំងអស់ គ្នានឹងចូលរួមធ្វើការដុតកំទេចក្នុងពេលបន្តិចទៀតនេះ។ នេះមិនទាន់គិតពីសារធាតុគីមី ផ្សំ និងសារធាតុគីមីគ្រប់ ប្រភេទផ្សេងៗទៀតជាច្រើន រយតោន ដែលរឹបអូសបានហើយដែលនឹងត្រូវធ្វើការបន្សាប ឬរំលាយចោលតាមវិធីសាស្រ្តផ្សេងនៅពេលក្រោយ។
*ទី២៖ ការនាំគ្រឿងញៀនពីតំបន់ត្រីកោណមាស ចូលមកកម្ពុជា ឆ្លងកាត់តាមខេត្តភាគឦសាន្ត នៃប្រទេសនៅតែមានការកើនឡើង។
*ទី៣៖ ក្រុមឧក្រិដ្ឋជននៅតែ និងកំពុងព្យាយាម លួចកែច្នៃផលិតគ្រឿងញៀនសំយោគ នៅក្នុងប្រទេសកម្ពុជា ដោយធ្វើការបង្វែរសារធាតុគីមីផ្សំពីការនាំចូលសម្រាប់ការប្រើប្រាស់ក្នុងវិស័យស្របច្បាប់ ទៅផលិតគ្រឿងញៀនខុសច្បាប់។
*ទី៤៖ បទល្មើសជួញដូរ ចរាចរ កែច្នៃផលិតធំៗ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា។
*ទី៥៖ បទល្មើសចែកចាយ ជួញដូរតូចតាច និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋាន សហគមន៍នៅតែបន្តកើតមានគួរឱ្យកត់សម្គាល់បង្កនូវការរំខាន និងជាក្តីកង្វល់ពីសំណាក់ ប្រជាពលរដ្ឋដែលយើងហាក់នៅមិនទាន់ ដោះស្រាយឱ្យបានទាំងស្រុង និងប្រកបដោយភាពជឿជាក់នៅឡើយ។
*ទី៦៖ ការប្រើប្រាស់គ្រឿងញៀន ជាបញ្ហាដែលបាននិងកំពុងកើនឡើង (ចំនួនកន្លែងព្យាបាលកើនឡើង) ហើយប៉ះពាល់ ដល់បុគ្គលក្រុមគ្រួសារ សហគមន៍ និងសង្គមទូទៅ។ វាជាបញ្ហាដ៏ស្មុគស្មាញមួយដែលទាមទារឱ្យមាន ការខិតខំ រួមគ្នាពីបុគ្គល ក្រុមគ្រួសារ សហគមន៍ អង្គការ មិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីដោះស្រាយ៕