(កំពត)៖ អភិបាលខេត្តកំពតលោក ម៉ៅ ធនិន បានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ទុកប្រជាពលរដ្ឋទាំងអស់ គឺជាគ្រួសារតែមួយ ហើយត្រូវយកចិត្តទុកដាក់បំរើពួកគាត់ឱ្យបានល្អ។
ការលើកឡើងនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋជាង ១ម៉ឺននាក់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តដំណាក់កន្ទួតខាងត្បូង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។
លោក ម៉ៅ ធនិន បានគូសរំលេចថា «ទូទាំងប្រទេស ក៏ដូចជាតាមមូលដ្ឋានទូទាំងខេត្តកំពត មានការអភិវឌ្ឍន៍រីកចម្រើនមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែការដឹកនាំដ៏ប៉ិនប្រសបប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានលះបង់កម្លាំងកាយចិត្ត យកអាយុជីវិតរបស់លោក និងក្រុមគ្រួសារទៅប្តូរជាមួយនឹងការរំដោះជាតិមាតុភូមិ សង្គ្រោះប្រជាជនឱ្យរួចផុតពីសង្គ្រាម រហូតស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ»។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា លេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីរួមដំណើរជាមួយសម្តេចតេជោ ក្នុងការការពារសន្តិភាព និងបន្តកិច្ចអភិវឌ្ឍន៍ប្រទេសបន្តទៅមុខទៀត។
នាឱកាសសំណេះសំណាលនោះ ប្រជាពលរដ្ឋមួយចំនួន បានបង្ហាញពីការដឹងគុណចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានលើកឡើងថា ពួកគាត់រួចជីវិត មានជីវភាពធូរធា និងកូនៗបានសិក្សារៀនសូត្រ ក៏សារមានសុខសន្តិភាព និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ដោយសារសម្តេចតេជោ ដូច្នេះបើភ្លេចអ្វីភ្លេចបាន តែយើងមិនអាចភ្លេចគុណបំណាច់ដ៏ធំធេងនេះបានទេ។
លោករម្លឹកថា «ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គាត់បានជួបការលំបាកវេទនាជាពន់ពេក ដោយការហូបចុកមិនគ្រប់គ្រាន់ ការបង្ខិតបង្ខំ ឱ្យធ្វើការហួសកម្លាំង ព្រាត់ប្រាស់សាច់ញាតិ បងប្អូន ហើយមានតែទុក្ខវេទនាជារៀងរាល់ថ្ងៃ។ ប៉ុន្តែក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន បានរំដោះទឹកដី និងប្រជាជន បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរជាលំដាប់ ប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ដូច្នេះបើយើងមិនមានវីរៈបុរស និងជាបីតាសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន មករំដោះយើងនោះទេ យើងមិនអាចមានថ្ងៃនេះឡើយ»។
លោកថា «យើងមិនអាចភ្លេចគុណបំណាច់ ដ៏ធំធេងរបស់សម្តេចតេជោបានទេ ដែលលោកបានខិតខំស្វែងរកសុខសន្តិភាពជូនជាតិ ជូនប្រជាជនបាននោះទេ។ ដូច្នេះហើយ យើងត្រូវតបស្នងសងគុណដល់សម្តេចតេជោ ដោយទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជននាពេលខាងមុខ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍រីកចម្រើនតទៅមុខទៀត។ ពលរដ្ឋបានបន្ថែមទៀតថា យើងអាចភ្លេចអ្វីៗបាន តែមិនអាចភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់អ្នកដែលបានរំដោះប្រជាជន រំដោះជាតិ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍបាននោះទេ»៕