(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានណែនាំដល់សិក្ខាកាមនគរបាលទើបបញ្ចប់ការបណ្ដុះបណ្ដាល ត្រូវយកចំណេះ និងជំនាញដែលខ្លួនទទួលបានពីការសិក្សារៀនសូត្រនេះ ទៅបម្រើអង្គភាពឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។
ការណែនាំរបស់នាយឧត្តមសេនីយ៍ ប៉ែន វិបុល ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បិទវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសអក្សរសម្ងាត់ និងវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានគូសបញ្ជាក់ថា ពីមួយដំណាក់កាល ទៅមួយដំណាក់កាល សភាពការណ៍នៅក្នុងសង្គមចេះតែប្រែប្រួល ដូច្នេះហើយក្នុងនាមជាមន្ដ្រីនគរបាលជាតិ ត្រូវតែទទួលការបណ្ដុះបណ្ដាល បំប៉នជំនាញបន្ថែម សំដៅពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត ធ្វើយ៉ាងណាដើរឲ្យទាន់សភាពការណ៍សង្គមនាពេលបច្ចុប្បន្ននេះ។
នាយឧត្តមសេនីយ៍ អគ្គស្នងការរងបានថ្លែងយ៉ាងដូច្នេះថា «សង្គមចេះតែវិវត្តន៍ទាមទារឲ្យយើងត្រូវពង្រឹងនូវសមត្ថភាពបន្ថែមទៀត ទើបមានការរៀបចំឲ្យការបណ្ដុះបណ្ដាល។ ខ្ញុំគិតថា ការសិក្សានូវជំនាញពិតជាមានសារៈសំខាន់ណាស់ ដូច្នេះត្រូវយកនូវចំណេះជំនាញដែលទទួលបានពីការសិក្សានេះ ទៅបម្រើអង្គភាពរៀងៗខ្លួនឲ្យមានប្រសិទ្ធភាព»។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានកោតសរសើរចំពោះការលះបង់របស់សិក្ខាកាមនគរបាលទាំងអស់ ដែលមកពីបណ្ដាស្នងការរាជធានី-ខេត្ត និងនាយកដ្ឋាននានាចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការមកសិក្សានៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម រយៈពេល៤ខែមកនេះ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់បង្រៀនរបស់គ្រូៗនគរបាល និងថ្នាក់ដឹកនាំរបស់សាលា។
ក្នុងកាសនោះ លោកឧត្តមសេនីយ៍ឯក អ៊ុំ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា យោងតាមប្រកាសលេខ ១៧៨០ប្រក និងលេខ១៧៨១ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្ដីពីចាត់បញ្ជូនមន្ត្រីនគរបាលជាតិចំនួន៥០រូប ដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសអក្សរសម្ងាត់ រយៈពេល៣ខែ និងចំនួន១៨៧រូប ចូលរៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល រយៈពេល៤ខែ និងដោយមានការឯកភាពរបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ទើបសាលាបានរៀបចំដំណើការវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសអក្សរសម្ងាត់នាពេលនេះ។
លោកបន្ដថា វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលក្នុងពេលនេះ មានសិក្ខាកាមសរុបចំនួន១៨៧នាក់ (ស្រី៤១) ដែលមកពីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហរិញ្ញវត្ថុ រួមទាំងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការនគរបាលជាតិ សរុបចំនួន២៥។
លោកឧត្តមសេនីយ៍ឯក អ៊ុំ អុន បានបន្ថែមទៀតថា គ្រប់ការសិក្សាតាមវគ្គនីមួយៗ សាលាតម្រូវឲ្យមានការប្រឡងបញ្ចប់វគ្គ និងប្រឡងបញ្ចប់មេរៀននីមួយៗ ទាំងទ្រឹស្ដី ការអនុវត្តជាក់ស្ដែងលើទីលានគ្រូតម្រូវធ្វើតេស្តដើម្បីស្ទាបស្ទង់សមត្ថភាពរបស់សិក្ខាកាម និងផ្តល់ ពិន្ទុជូនសិក្ខាកាមម្នាក់ៗ ដោយបូកជាមួយវិន័យ សីលធម៌ ការសាមគ្គីភាព ពលកម្មអនាម័យ ការរស់នៅជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូននៅពេលបញ្ចប់វគ្គ។
ទន្ទឹមនឹងការចូលរួមអបអរសាទរនូវលទ្ធផលដ៏ត្រចះត្រចង់ ដែលអស់លោកជាកម្មសិក្សាការីទាំងអស់ទទួលបាននាពេលនេះ លោកឧត្តមសេនីយ៍ឯក អ៊ុំ អុន សង្ឃឹមថានៅពេលត្រឡប់ទៅអង្គភាពវិញ អស់លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់នឹងយកចំណេះដឹង ដែលបានទទួលពីសាលាទៅបំពេញភារកិច្ចបម្រើជូនអង្គភាពប្រកបដោយប្រសិទ្ធភាពខ្ពស់៕