(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតនៅក្នុងស្រុកមេមត់ ចំនួនសរុប ១.២១០គ្រួសារ រួមមាន ៣ទីតាំង ដោយទីតាំងទី១ សាលាបឋមសិក្សាឈើខ្លឹម ៧១១គ្រួសារ ក្នុងនោះ ឃុំរំចេក២៦៣គ្រួសារ និង ឃុំកំពាន់ ៥៣១គ្រួសារ ទីតាំងទី២ នៅចំការកៅស៊ូក្នុងឃុំជាំតាម៉ៅ១៤៥គ្រួសារ និង ទីតាំងទី៣ នៅវត្តគគីឃុំគគីរ២៧១គ្រួសារ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច។

លោកបណ្ឌិតអភិបាលខេត្ត គូសបញ្ជាក់ថា ប្រទេសជាតិ មានសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ធ្វើអោយមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើនមកដល់ពេលបច្ចប្បន្ននេះ អរគុណសន្តិភាព និងសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ និងសូមគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេណ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរ លោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ។

លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្របំផុតចំនួន១២១០គ្រួសារ ក្នុងមួយគ្រួសារៗទទួលរួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕