(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំ «ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education Plc.)»។

ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការ បានប្រព្រឹត្តទៅក្រោមអធិបតីភាព បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា, អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education Plc.), ឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិជាច្រើន ។

ថ្លៃងក្នុងពិធីនេះ បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ជូនអង្គពិធីថា បន្ទាប់ពីកម្មវិធីដ៏អធិកអធមកាលពីម្សិលមិញ, ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសវិសាលមួយទៀត សម្រាប់ផ្សារមូលបត្រកម្ពុជា ដោយទទួលបានក្រុមហ៊ុន ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ទី២ ក្នុងរយៈពេលតែមួយសប្តាហ៍ ដែលនេះជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យមូលបត្រនៅកម្ពុជា ។

លោកបណិ្ឌតសភាចារ្យ បានបន្ថែមទៀតថា វត្តមានក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education Plc.) ក្នុងថ្ងៃនេះ នឹងធ្វើឲ្យក្រុមហ៊ុនក្លាយជា ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ទី៩ នៅទីផ្សារគោល និងជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ទី១១ នៅផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុន បានកៀរគរទុនប្រមាណ ៥,១៨ លានដុល្លារ ពីវិនិយោគិនសាធារណៈ និង វិនិយោគិនស្ថាប័ន តាមរយៈទីផ្សារមូលបត្រ ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដូចជា ការពង្រីកសេវាអប់រំ, ការពង្រីកសាខាទូទាំងប្រទេស ជាដើម សំដៅបំពេញបន្ថែមនូវតម្រូវការរបស់អតិថិជន ដែលជាអាណាព្យាបាលសិស្សានុសិស្ស។

លោក ហុង សុហួរ បានគូសបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ, ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុប ចំនួន ២០ ក្រុមហ៊ុន ដែលប្រមូលបានទុនពីផ្សារមូលបត្រ សរុបប្រមាណ ៣៣០ លានដុល្លារអាមេរិក។ លោកបានគូសបញ្ជាក់ផងដែរថា ទោះបីមានភាពតានតឹងផ្នែកសេដ្ឋកិច្ច និង បញ្ហានយោបាយ ជាសកល ក៏ការជួញដូរនៅផ្សារមូលបត្រកម្ពុជា នៅរក្សាបានស្ថានភាពល្អប្រសើរ។ ជាក់ស្តែង ក្នុងខែ ឧសភា ឆ្នាំ ២០២៣, បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម មានចំនួនប្រមាណ ១០០.០០០ ភាគហ៊ុនក្នុងមួយថ្ងៃ រីឯទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម មានប្រមាណ ៣០០,០០០ ដុល្លារអាមេរិក។

ទន្ទឹមនេះ, គណនីជួញដូរសរុប បានកើនដល់ប្រមាណ ៤០.០០០ គណនី (ជាមួយនឹងកំណើនគណនីចំនួន ១.០០០ ជាមធ្យមក្នុងមួយខែ) ហើយចំនួនវិនិយោគិនសកម្ម (Active investors) បានកើនដល់ ៦.០០០ នាក់ ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកវិស័យឯកជនជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ។ កន្លងមកនេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវសកម្មភាពគាំទ្រ និង លើកទឹកចិត្តជាច្រើន ក្រោមរូបភាពជាការលើកទឹកចិត្តពន្ធដារ, ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធ ជាដើម ។ តួយ៉ាង សម្រាប់វិស័យអប់រំ, រាជរដ្ឋាភិបាល បានដាក់ចេញនូវប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះគ្រឹះស្ថានសិក្សាចំនួន ២ លើក មកហើយ។ លើកទី ១ ក្នុងខែសីហា ឆ្នាំ ២០១៦ និង លើកទី២ ក្នុងខែមីនា ឆ្នាំ ២០២០ ដោយគ្រឹះស្ថានសិក្សា ទទួលបានការអនុគ្រោះទៅលើពន្ធអប្បបរមា, ពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល, ពន្ធកាត់ទុក, អាករលើតម្លៃបន្ថែម និង ពន្ធអាករផ្សេងៗទៀត។

លោកបណិ្ឌតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education Plc.) ដែលជាក្រុមហ៊ុនមួយ ក្នុងវិស័យអប់រំ ដោយបានខិតខំបំពេញគ្រប់ លក្ខខណ្ឌតម្រូវ ក្នុងការចុះបញ្ជីលក់មូលបត្រនៅក្នុងផ្សារមូលបត្រកម្ពុជា។

នេះជាគំរូមួយ សម្រាប់គ្រឹះស្ថានអប់រំឯកជនផ្សេងទៀត ទាំងក្នុងរូបភាពនៃការពង្រឹងអភិបាលកិច្ច និង សក្តានុពលនៃអាជីវកម្ម ទាំងលទ្ធភាពក្នុងការរៀបចំខ្លួនចុះបញ្ជីលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា។ ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញថា ផ្សារមូលបត្រកម្ពុជា មិនត្រឹមតែជួយកៀរគរមូលធន, បង្កើនផលិតភាព និង ជំរុញកំណើនសេដ្ឋកិច្ច ហើយថែមទាំង បានចូលរួមចំណែកក្នុងការពង្រឹង និង ពង្រីកវិសាលភាព និង គុណភាពនៃវិស័យអប់រំ ផងដែរ៕