(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីបំភ្លឺក្នុងនាមដើមបណ្តឹង លើអ្នកលេង Facebook ម្នាក់ដែលនាងចោទថា បានបរិហារកេរ្តិ៍របស់នាង។
សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ បានដាក់ពាក្យបណ្តឹងម្ចាស់គណនេយ្យ Facebook ឈ្មោះ ម៉ោញ សារ៉ាត់ (Mounh Sarath) បន្ទាប់ពីឈ្មោះនេះ បានបង្ហោះអត្តបទមួយដែលកញ្ញាបានចោទថា ជាការបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើរូបនាង។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅក្នុងពាក្យរបស់ខ្លួនកាលពីខែមុនថា ឈ្មោះ ម៉ោញ សារ៉ាត់ បានចោទថា ការធ្វើវេទិការរបស់នាងនៅខេត្តឧត្តរមានជ័យ មានអ្នកចូលរួមត្រឹមតែ៧០នាក់ និងចោទថាបានធ្វើការកាត់តរូបភាព។ ធី សុវណ្ណថា បានហៅការលើកឡើងនេះ គឺជាការបរិហាកេរ្ដិ៍ និងខុសពីការពិត ដែលវេទិការរបស់នាង មានអ្នកចូលរួមរហូតដល់៩០០នាក់៕