(ប៉េកាំង)៖ បន្ទាប់ពីបានធ្វើដំណើរដល់សាធារណរដ្ឋប្រជាមានិតចិន ដោយសុវត្ថិភាពភ្លាមៗ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលជួបសម្តែងការគួរសមជាមួយលោក យូ ហ្សេងសេង (Yu Zhengsheng) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយ ប្រជាជនចិនទូទាំងប្រទេសចិន (ប្រធានព្រឹទ្ធសភា)។
នៅក្នុងជំនួបនេះ ភាគីទំាងពីរបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ពិសេសប្រវត្តិនៃចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាព ដែលបានកើតមានតំាងពីយូរមកហើយ គឺនៅពេលដែលកម្ពុជា ដឹកនាំដោយអតីតព្រះប្រមុខ ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំកំពូលចិន គឺលោកប្រធាន ម៉ៅ សេទុង និងនាយករដ្ឋមន្រ្តី ជូ អេនឡាយ។
សម្តេចពញាចក្រី ហេង សំរិន បានសម្តែងក្តីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលឃើញ រតកនៃទំនាក់ទំនងប្រទេសទំាងពីរ រឹងមាំជាលំដាប់ ហើយបានឈានដល់កម្រិតកំពូល គឺ «កិច្ចសហប្រតិបត្តិការ ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលបាន និងកំពុងទទួលផលជាផ្លែផ្កា លើច្រើនវិស័យ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅលើទឹកដីប្រទេសចិន ជាមិត្តនៅពេលនេះ គឺសំដៅបន្តពូនជ្រុំ រឹតបន្តឹងចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមានស្រាប់។
សម្តេចមានសង្ឃឹមជឿជាក់ថា រដ្ឋសភាកម្ពុជា នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនង កម្ពុជា-ចិន ឲ្យកាន់តែរឹងមាំ ខ្លាំងក្លាទ្វេដងថែមទៀត។
លោក យូ ហ្សេងសេង (Yu Zhengsheng) បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានសម្តេចក៏ដូចជា គណៈប្រតិភូទំាងអស់ នៅលើទឹកដីប្រទេសចិន។ លោកបានបន្តថា ក្នុងការពង្រឹងពង្រីក ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ គឺរដ្ឋសភាកម្ពុជា និងចិន គួរតែជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៅគ្រប់កម្រិត។
សម្តេចប្រធានរដ្ឋសភា បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការបន្តបោះជំហានទៅមុខយ៉ាងលេចធ្លោលើគ្រប់វិស័យ ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ របស់ប្រទេសចិន ដែលធ្វើឲ្យកិត្យានុភាពសាធារណរដ្ឋប្រជាមាននិតចិន នៅលើឆាកអន្តរជាតិ ត្រូវបានកោតស្ញប់ស្ញែង ហើយការរីកចម្រើនសេដ្ឋកិច្ច នៃមហាមិត្តចិន ពិតជាបាននាំមកនូវភាពប្រសើរឡើងដល់សេដ្ឋកិច្ច នៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍ ដែលមានកម្ពុជាជាដើម។
ឆ្លៀតឱកាសសម្តេចប្រធានរដ្ឋសភា បានស្នើចំពោះលោក យូ ហ្សេងសេង និងសហការី ជួយជំរុញផ្សព្វផ្សាយលើកទឹកចិត្តដល់ប្រជាជនចិន ឲ្យមកធ្វើទេសចរណ៍កំសាន្ត និងធ្វើវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។
សម្តេចពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានយកចិត្តទុកដាក់ថែទំាព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ ព្រះវរាជមាតាជាតិ ខ្មែរដោយវេជ្ជបណ្ឌិតល្បីៗរបស់ចិន៕