(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជានាយឧត្តមសេនីយ៍ជាន់ខ្ពស់ ផ្កាយមាស៥ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសផ្តល់ថវិកាចំនួន ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជា។

ពេលបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅមេទ័ពខ្មែរឱ្យដំឡើងកាំភ្លើងធំ ត្រៀមបាញ់កម្ទេចដ្រូនទាំងនោះ ហើយថានៅថ្ងៃនេះបើមិនមានផ្ទុះអាវុធទៀត នឹងមានរឿងជាមួយសម្តេច។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា មេទ័ពខ្មែរស្លូតពេកហើយ គេបង្ហោះដ្រូនចូលដីខ្មែរ តែអត់មានផ្ទុះអាវុធមួយគ្រាប់ ហេតុនេះហើយ សម្តេចបានបញ្ជាឱ្យបាញ់សំណាញ់មេឃ១លាន ទៅ២លានគ្រាប់ កម្ទេចដ្រូនហោះលើដីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អម្បាញ់មិញ បញ្ជាឲ្យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ វង្ស ពិសេន ដំឡើងអាវុធគ្រប់ធុនទាំងអស់។ យប់មិញ (ដ្រូន) មក៥គ្រឿងទៀត ប៉ុន្តែអស់លោកសូម្បីតែអាវុធមួយក៏មិនផ្ទុះដែរ។ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ ត្រឹមយក​ CKC បាញ់ កាំភ្លើងទៅណាអស់ទៅអាធំ? [...] ចាប់ពីល្ងាចនេះទៅ បើលោកឯងមិនផ្ទុះអាវុធ មានរឿងជាមួយខ្ញុំ»

សម្តេចតេជោ បន្តថា «ខ្ញុំសូមព្រមាន ប្រទេសណាក៏ដោយ ដែលឲ្យយន្តហោះគ្មានមនុស្សបើក មកធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មលើទឹកដីកម្ពុជា គឺបើយើងស៉ើបអង្កេតបាន យើងប្តឹងទៅអង្គការសហប្រជាជាតិ។ ខ្ញុំសូមបញ្ជាក់ថា អង្គភាពណាបាញ់ធ្លាក់ដ្រូន ១គ្រឿង ខ្ញុំជូន ២០ម៉ឺនដុល្លារ»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សន្និដ្ឋានថា បច្ចាមិត្តដែលបង្ហោះដ្រូនចូលដីកម្ពុជា គឺជាក្រុមជនជាតិដេហ្កា ដែលជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី បានចុះហត្ថលេខាជាមួយ។ សម្តេចតេជោ ដាក់ការសង្ស័យថា ក្រុមឧទ្ទាមដែលធ្វើភេរវកម្មនៅវៀតណាម ជាក្រុមជនជាតិដេហ្កា ដែលហ្វឹកហាត់នៅប្រទេសមួយក្នុងតំបន់ ហើយប្រើដីកម្ពុជាឆ្លងកាត់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងសន្តិសុខជាតិមិនមែនជារឿងសាមញ្ញនោះឡើយ និងអំពាវនាវឱ្យបណ្តាប្រទេសនានា ពិនិត្យមើលលើដ្រូនបង្ហោះចូលដីកម្ពុជា ព្រោះនេះជាការរំលោភបំពានអធិបតេយ្យកម្ពុជា។ សម្តេចតេជោ អះអាងថា ដ្រូននេះ មិនមែនជារបស់វៀតណាមនោះឡើយ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញសារបន្ទាន់មួយទៀត ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភិតភ័យចំពោះការចល័តកងទ័ពទៅការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ដើម្បីកំចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស។

សម្តេចបានបញ្ជាក់ថា ការចល័តកងទ័ពបន្ថែមចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ដើម្បីជួយដល់យុទ្ធភូមិភាគទី១ ដោយសារតែការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលមិនដឹងប្រភពចេញពីកន្លែងណា។

សម្តេចតេជោ ហ៊ុន សែន ក៏ស្នើដល់ប្រជាពលរដ្ឋសហការផ្តល់ព័ត៌មានដល់កងទ័ព ពាក់ព័ន្ធនឹងភេរវកម្ម និងអះអាងថា អាវុធកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់នឹងការបាញ់កម្ទេចដ្រូនទាំងនេះ។ សម្តេចក៏អំពាវនាវដល់ប្រទេសជិតខាង ដែលផ្តល់ទីតាំងសម្រាប់ការហោះហើរបស់ដ្រូនខាងលើ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ៕