(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា បើពិភពលោកកាត់បន្ថយ ការផលិតសព្វាវុធត្រឹម៥០ភាគរយ មកផលិតបរិក្ខារពេទ្យ និងសម្ភារៈបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ គឺល្អណាស់ សម្រាប់មនុស្សជាតិលើពិភពលោក។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុបប្រមាណ១៨,៣១៣នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន១៧ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាពិភពលោក នាពេលបច្ចុប្បន្ននេះ ផ្ទេរពីការផលិតអាវុធ ដើម្បីសម្លាប់គ្នា ទៅជាការផលិតទំនិញ ជាពិសេសថ្នាំពេទ្យថោកៗ គឺវាល្អ។ កាត់បន្ថយការចំណាយ ផលិតអាវុធសម្លាប់គ្នា ត្រឹមតែ៥០ភាគរយ មកផលិតមធ្យោបាយដឹកជញ្ជូន ជាពិសេសថ្នាំការពារសុខភាព»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងសេដ្ឋកិច្ច គឺជារឿងធំជាងគេទាំងអស់ នៅលើពិភពលោក។ សម្ដេចបានថ្លែងថា ពិភពលោក មានលើក៏មាន មានក្រោមក៏មាន និងក្រោមសមុទ្រក៏មាន ដើម្បីរកវិធីកំទេចគ្នា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា កម្ពុជា មិនមែនជាគោលដៅ នៃសង្គ្រាមអាវុធនុយក្លេអ៊ែរនោះឡើយ៕