(ស្ទឹងត្រែង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរជាមួយប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ព្រមទាំងក្រុមប្រតិបត្តិសាខា-អនុសាខា ស្រុកសេសាន ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៥១គ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៥គ្រួសារ ដែលរស់នៅក្នុងឃុំស្រែគរ១ និងស្រែគរ២ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្ដល់អំណោយនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកវេជ្ជ. បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ សុខទុក្ខ ប្រជារាស្ត្រ និងប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដាច់ស្រយាល។
ម្យ៉ាងដោយរដូវវស្សាជិតចូលមកដល់ ដូច្នេះភ្លៀងកក់ខែ ជាពិសេសរន្ទះបាញ់ច្រើន លោកវេជ្ជ. អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅពេលមានភ្លៀងធ្លាក់ខ្យល់ខ្លាំង សូមកុំនៅទីវាល វាលស្រែ ឬនៅលើផ្ទៃទឹក ឬក្រោមដើមឈើ ព្រោះអាចមានហានិភ័យខ្ពស់ដោយរន្ទះបាញ់បាន។
ជាមួយគ្នានោះលោកក៏បានគូសរម្លឹកថា ក្នុងឱកាសដែល សម្តេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា បានអញ្ជើញជួបជាមួយកម្មករ និងកម្មកានីរោចក្រ បានមានប្រសាសន៍ ពីជំងឺអេដស៍ ពិសេសជំងឺកូវីដ-១៩ គឺមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដូច្នេះសូមឱ្យបន្ដចូលរួមប្រុងប្រយ័ត្ន ត្រូវរក្សាអនាម័យជានិច្ច និងអនុវត្តវិធានការក្រសួងសុខាភិបាល ៣កុំ ៣ការពារ។
សូមជម្រាបថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះបំផុត ចំនួន ១៥៦គ្រួសារ នៅស្រុកសេសាន ខេត្ដស្ទឹងត្រែង ដោយក្នុងគ្រួសារនីមួយៗទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ជាអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ១យួរ និងឃីត១ឈុត (សារុង១ មុង១ ភួយ១ និងក្រមា១)៕