(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាដាច់ណាត់ឱ្យកងទ័ពកម្ពុជា បាញ់ទម្លាក់យន្តហោះដ្រូន ដែលបង្ហោះរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា នៅព្រះដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ឱ្យបាន ទោះត្រូវចំណាយអស់គ្រាប់ ឬប្រាក់ប៉ុន្មានក៏ដោយ ព្រោះជាសន្តិសុខជាតិ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាប្រទេសនានា ពិនិត្យមើលលើដ្រូន ដែលបង្ហោះចូលដីកម្ពុជា ព្រោះនេះជាការរំលោភបំពានលើឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ សម្តេចជឿជាក់ថា ដ្រូនដែលហោះចូលបំពានដែនអធិបតេយ្យភាពកម្ពុជានេះ មិនមែនជារបស់វៀតណាមនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យមេទ័ពត្រូវរាយការណ៍ជូនសម្តេច ពីករណីបាញ់ទម្លាក់ដ្រូននេះ ទោះម៉ោងស្មាលណាក៏ដោយ ព្រោះវារឿងសន្តិសុខជាតិ ដែលត្រូវគិតគូរជាចាំបាច់បំផុត។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវដល់ប្រទេសនានាពិនិត្យមើល នេះជាការបំពានទាំងស្រុងលើឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា។ យើងសួរទៅវៀតណាម វៀតណាមអត់ទាំងដឹងផង ហើយវៀតណាមគាត់មានផលប្រយោជន៍អីនឹងការបង្ហោះដ្រូនមក ដោយមិនជូនដំណឹងឱ្យកម្ពុជា ហើយត្រូវចូលមកកម្ពុជា ព្រោះកម្ពុជាមានសមត្ថភាព ដើម្បីរុករកជួយពួកគាត់ហើយ បើគាត់ហោះ ហោះតែក្នុងដីគាត់ទៅ ប៉ុន្តែខ្ញុំជឿថាមិនមែនរបស់វៀតណាមទេ»។
សម្តេចតេជោបានបញ្ជាដល់កងទ័ព និងកម្លាំងប្រដាប់អាវុធថា «សំខាន់បំផុតចាប់ពីយប់នេះទៅ គឺត្រូវតែបាញ់ ហើយត្រូវរាយការណ៍ឱ្យខ្ញុំ កុំបារម្ភថាយប់ហើយលោកនាយករដ្ឋមន្ត្រីដេក កុំបារម្ភឱ្យសោះ វាយផ្ញើមកម៉ោងប៉ុន្មានក៏ដោយ រឿងទ័ព រឿងសន្តិសុខជាតិ គឺខ្ញុំមានការគិតគូរខ្ពស់ណាស់ ដើម្បីធានាអាយុជីវិតរបស់ប្រជាជន»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅមេទ័ពខ្មែរឱ្យដំឡើងកាំភ្លើងធំ ត្រៀមបាញ់កម្ទេចដ្រូន ខណៈដែលយប់មិញនេះដ្រូនប្រមាណ៥គ្រឿង នៅតែបន្តហោះចូលទឹកដីកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី បានព្រមានធ្ងន់ៗថា បើនៅថ្ងៃនេះ មិនមានផ្ទុះអាវុធបាញ់ទម្លាក់ដ្រូនទៀតទេនោះ មេៗទ័ពនឹងមានរឿងជាមួយសម្តេច។ សម្តេចក៏បានប្រកាសផ្តល់ថវិកាលើកទឹកចិត្តចំនួន ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណា ដែលបាញ់ធ្លាក់ដ្រូនមួយ របស់បច្ចាមិត្ត៕