(ភ្នំពេញ)៖ នៅថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨,៣១៣នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន១៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានីភ្នំពេញ។ ជំនួបសំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែង ស្ថិតនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៅថ្ងៃនេះចំថ្ងៃខួប៧២ឆ្នាំនៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាយុសម្តេច តិចជាថ្ងៃកំណើតបក្សតែមួយឆ្នាំប៉ុណ្ណោះ។ ដូច្នេះរឿងរ៉ាវប្រវត្តិសាស្ត្រខ្លះ សម្តេចក៏មិនបានដឹងនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចអំពាវនាវ ការជេរហែកហួររវាងអ្នកបែកបាក់គ្រួសារលែងសូវកើតមាន។ នៅតែវិទ្យុរបស់អាចារ្យអេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងកត់សម្គាល់ថា កូនខ្លះមិនត្រឹមតែមិនចិញ្ចឹមឪពុកម្តាយនោះទេ ថែមទាំងប្តឹងទាមទារទ្រព្យឪពុកម្តាយទៀត។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណកម្មករ កម្មការិនី ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩។ ជាពិសេសទទួលយកការចាក់វ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះជួបជាមួយកម្មករ និយោជិត មិនមែនជារឿងចៃដន្យ ហើយក៏មិនមែនជាការជិះសេះមើលផ្កានោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាធ្វើបាតុកម្មប៉ោង៣ភ្លឺនោះទេ។ សំឡេង ហូរ វ៉ាន់ នៅមាននៅឡើយទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនលើកលែងឱ្យលោក កឹម សុខា ព្រោះសម្តេចមិនទុកចិត្តបរទេស ដែលប្រើនយោបាយចាប់ដៃជាន់ជើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានជនបរទេសណា អាចមកជួយលោកស្រី សេង ធារី ហៅ អប្សរាក្បាលត្រងោលបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើពិភពលោកកាត់បន្ថយការផលិតសព្វាវុធត្រឹម៥០ភាគរយ មកផលិតបរិក្ខារពេទ្យ និងសម្ភារៈបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ គឺល្អណាស់សម្រាប់មនុស្សជាតិលើពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមែនជាគោលដៅនៃសង្គ្រាមអាវុធនុយក្លេអ៊ែរនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅមេទ័ពខ្មែរឱ្យដំឡើងកាំភ្លើងធំ ត្រៀមបាញ់កម្ទេចដ្រូន។ សម្តេចតេជោ បានថ្លែងថា នៅថ្ងៃនេះបើមិនមានផ្ទុះអាវុធទៀត នឹងមានរឿងជាមួយសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេទ័ពខ្មែរស្លូតពេកហើយ គេហោះចូលដីខ្មែរអត់មានផ្ទុះមួយគ្រាប់។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបាញ់សំណាញ់មេឃ១លាន ទៅ២លានគ្រាប់ កម្ទេចដ្រូនហោះលើដីកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន។
* សម្តេចតេជោ ហ៊ុន សែន សន្និដ្ឋានថា បច្ចាមិត្តដែលបង្ហោះដ្រូនចូលដីកម្ពុជា គឺជាក្រុមជនជាតិដេហ្កា ដែលជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី បានចុះហត្ថលេខាជាមួយ។
* សម្តេចតេជោ ហ៊ុន សែន ដាក់ការសង្ស័យថា ក្រុមឧទ្ទាមដែលធ្វើភេរវកម្មនៅវៀតណាម ជាក្រុមជនជាតិដេហ្កា ដែលហ្វឹកហាត់នៅប្រទេសមួយក្នុងតំបន់ ហើយប្រើដីកម្ពុជាឆ្លងកាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងសន្តិសុខជាតិមិនមែនជារឿងសាមញ្ញនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបណ្តាប្រទេសនានា ពិនិត្យមើលលើដ្រូនបង្ហោះចូលដីកម្ពុជា ព្រោះនេះជាការរំលោភបំពានអធិបតេយ្យកម្ពុជា។ សម្តេចតេជោ អះអាងថា ដ្រូននេះ មិនមែនជារបស់វៀតណាមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង៩៖៤០នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕