(រតនគិរី)៖ មានករណីកម្មករក្រុមហ៊ុនចំការចេក មានទីតាំងភូមិ៣ឃុំស្រែអង្ក្រងស្រុកកូនមុំចំនួន ៦នាក់ធ្លាក់ខ្លួនឈឺ ដឹកមកសង្គ្រោះស្លាប់ក្នុងមណ្ឌលសុខភាពស្រែអង្ក្រង ខណៈអ្នកខ្លះស្លាប់តាមផ្លូវពេលដឹកមកសង្គ្រោះ និងខ្លះទៀតស្លាប់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី១៦-២៧ ខែមិថុនា ឆ្នាំ២០២៣ ដែលអ្នកស្លាប់ទាំង ៦នាក់មានឈ្មោះដូចខាងក្រោម៖

១-សុខ មេសា ភេទប្រុស អាយុ៦០ឆ្នាំ ស្លាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅមណ្ឌលសុខភាពស្រែអង្ក្រង។

២-ផល ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ស្លាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅមណ្ឌលសុខភាពស្រែអង្ក្រង។

៣-ចាន់ ស៊ីនីត ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យខេត្តរតនគិរី។

៤-គា ណាត ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់តាមផ្លូវពេលបញ្ជូនចេញពីមណ្ឌលសុខភាពស្រែអង្ក្រង។

៥-ថុង ផល ភេទប្រុស អាយុ៤០ឆ្នាំ ស្លាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅមណ្ឌលសុខភាពស្រែអង្ក្រង។

៦-តា ថា ភេទប្រុស អាយុ៦០ឆ្នាំ ស្លាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅក្នុងការដ្ឋានក្រុនហ៊ុនចំការចេក។

តាមការសាកសួរព័ត៌មានពីមន្រ្តីមណ្ឌលសុខភាពថា អ្នកជំងឺដែលមកទទួលសេវាទាំងនោះ គឺមានសភាពធ្ងន់ធ្ងរដូចជាសន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយ ជួនកាលស្ទើរគ្មានសញ្ញាជីវិត។ តាមការសាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កម្លាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ៦ម៉ោង បានបណ្តាលអោយអ្នកជំងឺស្លាប់។

តាមការសន្និដ្ឋានបឋមអាចបណ្តាលមកពីការពុលចំណីអាហារ ឬពុលសារធាតុគីមី។

យ៉ាងណាក៏ដោយ ករណីកម្មករចំនួន ៦នាក់ធ្លាក់ខ្លួនឈឺធ្ងន់ ក្នុងក្រុមហ៊ុនដឹកមកសង្គ្រោះស្លាប់បន្តបន្ទាប់ខាងលើនេះដែរ, នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញ និងសមត្ថកិច្ចស្រុកកូនមុំ កំពុងបើកការស៊ើបអង្កេតថា មកពីមូលហេតុអ្វីពិតប្រាកដ។

ប្រភពព័ត៌មានដោយឡែកទៀតបង្ហើបឲ្យដឹងថា ខាងក្រុមហ៊ុនចំការចេក និងសមត្ថកិច្ចមូលដ្ឋានហាក់មានលាក់បាំងព័ត៌មាន ទើបមានការភ្ញាក់ផ្អើលដល់ថ្នាក់ដឹកនាំខេត្តរតនគិរីផងដែរ៕