(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈ Facebook បានបង្ហោះសារជូនពរកងកម្លាំងដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រំដែនប៉ែកឦសាន ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាព។
លោកបានសរសេរថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងមាត់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តនៅជាប់ព្រំដែនវៀតណាម ដែលកំពុងរងការរំលោភដោយយន្តហោះគ្មានមនុស្សបើក ក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏សូមជូនពរកងកម្លាំងប្រដាប់អាវុធ ដែលកំពុងចេញដំណើរក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សូមទទួលបានជោគជ័យក្នុងភារកិច្ចរបស់ខ្លួន»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភិតភ័យចំពោះការចល័តកងទ័ពទៅការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ដើម្បីកំចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស។
តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យពលរដ្ឋបារម្ភអំពីការផ្ទុះសង្គ្រាម។ សម្តេចបានបញ្ជាក់ថា ការចល័តកងទ័ពបន្ថែមចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ដើម្បីជួយដល់យុទ្ធភូមិភាគទី១ ដោយសារតែការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលមិនដឹងប្រភពចេញពីកន្លែងណា៕