(ពោធិ៍សាត់)៖ ជុំវិញបញ្ហាបដិមាព្រះពុទ្ធផ្ចាញ់មា ដែលសាងសង់ឡើងដោយមិនមានលក្ខណៈសមសួនតាមក្បួនខ្នាតនោះ ត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ចេញសេចក្ដីបំភ្លឺថា ជាងដែលសាងសង់ព្រះពុទ្ធរូបនេះបច្ចេកទេសសូន្យរូបនៅមានកម្រិត ដូច្នេះរដ្ឋបាលខេត្តនឹងសហការជាមួយគណៈកម្មការវត្ត និងអ្នកបច្ចេកទេស ដើម្បីកែលម្អឱ្យបានសមរម្យឡើងវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាននាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ទីតាំងដែលមានព្រះពុទ្ធរូបផ្ចាញ់មានោះស្ថិតនៅវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈព្រះពុទ្ធរូបមានកម្ពស់២៩ម៉ែត្រ ព្រះភ្នែន២១ម៉ែត្រ។

រដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ជាក់ទៀតថា តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរធម្មការនិងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា១ព្រះអង្គនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល និងកើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែលមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។

យោងតាមព្រះចៅអធិការវត្តវាល ព្រះនាម ជុំ សារឿន មានសង្ឃដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះបានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំត្រឹមត្រូវតាមក្បួនខ្នាត ដែលមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្ដែង បើមើលចំពីមុខព្រះភក្តព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។

យ៉ាងណាមិញ រដ្ឋបាលខេត្តពោធិ៍សាត់នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅអធិការវត្តដើម្បីបន្តពិនិត្យ និងវាយតម្លៃឲ្យបានល្អិតល្អន់នូវចំណុចខ្វះខាតឆ្គាំឆ្គងណាដែលគួរធ្វើការកែលម្អឱ្យបានសមរម្យ៕