(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ការអំពាវនាវរបស់ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន ៥៩២គ្រួសារ នៅភូមិចំនួន៣ ក្នុងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៣នេះ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី មាស សុភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ស្រុក ឃុំ ក្នុងការរៀបចំកិច្ចដំណើរការ ក្នុងការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់រាជរដ្ឋាភិបាល តាម ស្រុក ក្រុង ក្នុងគោលដៅរបស់ខេត្តតាមជំហាននីមួយៗតាំងពីការប្រកាសតំបន់វិនិច្ឆ័យ កំណត់ព្រំប្រទល់ភូមិ ការវាស់វែងក្បាលដីនីមួយៗ គូសក្បាលដី និងបំពេញទម្រង់បែបបទប្រមូលទិន្នន័យម្ចាស់ក្បាលដី ការបញ្ចូលទិន្នន័យម្ចាស់ក្បាលដី និងបិទផ្សាយជាសាធារណៈទិន្នន័យម្ចាស់ក្បាលដីទាំងអស់នៅក្នុងតំបន់វិនិច្ឆ័យ ក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ទុកពេលឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្តាត់ សុំកែតម្រូវម្ចាស់ក្បាលដី រហូតបិទផ្សាយបញ្ចប់ជាសាធារណៈ រហូតប្រារព្វពិធីប្រគល់វិញ្ញាបនបត្រនៅពេលនេះ។

ទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លទ្ធផលដែលសម្រេចបានថ្ងៃនេះ គឺអាស្រ័យដោយកម្លាំងសាមគ្គីទាំងអស់ របស់កម្មវិធីដែលបានបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីលះបង់ខ្ពស់ ដែលមានជំនឿជាក់ ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ស្របតាមលទ្ធផលដ៏ធំធេងការចុះបញ្ជីដីធ្លីដូចបានលើកឡើងខាងលើ កន្លងមករដ្ឋបាលខេត្តព្រះវិហារ ក៏មានបញ្ហាប្រឈមមួយចំនួនដូចជា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ទំនាស់ដីថ្លីរវាងប្រជាពលរដ្ឋ និងរដ្ឋការកាន់កាប់ទន្ទ្រានដីថ្មីៗ បែបអនាធិបតេយ្យពីសំណាក់ជនខិលខូច និងជនឱកាសនិយមដោយទាមទារឱ្យ អាជ្ញាធរទទួលស្គាល់ការចេញលិខិតបញ្ជាក់ការកាន់កាប់ និងការប្រើប្រាស់ដីធ្លីដែលមិនមែនជាដីភោគះ នៅតែបន្តនៅតាមបណ្តាលភូមិ ឃុំមួយចំនួន»។

ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃ ដើម្បីប្រទេសជាតិកាន់តែមានការអភិវឌ្ឍគ្រប់វិស័យថែមទៀត។ លោកថាគ្មានប្រទេសណាគេមកដាក់ទុនអភិវឌ្ឍនៅប្រទេសណាដែលកំពុងតែមានសង្គ្រាមទេ។ត្រូវបន្តគាំទ្រយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងគោលបំណងឱ្យភូមិ ឃុំ យើងរឹងមាំគ្រប់វិស័យ និងត្រៀមទៅចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ បោះឱ្យគណបក្សណាដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។

ដោយឡែកលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានថ្លែងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំសង្កែពីរ មាន៣ភូមិ ក្នុងនោះភូមិសំបូរជាភូមិទី១ ដែលក្រុមការងារ បានអនុវត្តតាមនីតិវិធីនៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃចែកនៅពេលនេះ។

លោកបានបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋគឺមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧.០០នាទី៕

ប្រធានមន្ទីររូបនេះ បានប្រាប់ប្រជាពលរដ្ឋពីសារៈសំខាន់របស់បណ្ណកាន់កាប់ដីធ្លី ដែលអាចប្រើប្រាស់បានតាមតម្រូវការស្របតាមច្បាប់ និងណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនៅពេលនេះត្រូវប្រើប្រាស់ឱ្យស្របទៅតាមច្បាប់ ពិសេសត្រូវថែរក្សា ទុកដាក់ឱ្យបានល្អ ពោលគឺកុំយកបណ្ណកម្មសិទ្ធដីធ្លីទៅអ៊ុតរឹងដូចអត្តសញ្ញាណបណ្ណឱ្យសោះ៕