សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមរថយន្ត ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង និងក្រចេះ ដើម្បីពិនិត្យសមិទ្ធិផលនានា និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ
26-07-2016 07:38
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បាននិងកំពុងធ្វើដំណើរ តាមរថយន្តពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង និងក្រចេះ ដើម្បីពិនិត្យមើលនូវសមិទ្ធិផលនានា និងពិនិត្យដោះស្រាយបញ្ហាប្រឈមផ្សេងៗ នៅក្នុងមូលដ្ឋាន ព្រមទាំងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តផងដែរ។
នេះជាការបន្តយុទ្ធនាការ ចុះគ្រប់២៥រាជធានី-ខេត្ត របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានចុះសំណេះសំណាលរួចហើយ ជាមួយមន្ត្រីរាជការ និងកំលាំងប្រដាប់អាវុធ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអភ័យទោស ចំពោះសិស្សានុសិស្ស និងបងប្អូនជនរួមជាតិនៅ ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ ដែលរង់ចាំស្វាគមន៍សម្តេច តាមដងផ្លូវកន្លងទៅ ដោយសម្តេចមិនបានចុះជួបសំណេះសំណាល អាស្រ័យដោយដំណើរផ្លូវឆ្ងាយ និងមានកម្មវិធីការងារច្រើន។ ប្រសិនមានករណីយដូចគ្នានេះ តាមផ្លូវធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង និងក្រចេះ សម្តេចក៏សុំអាធ្យាស្រ័យទុកជាមុនផងដែរ៕