(ពោធិ៍សាត់)៖ លោក សែម សុវណ្ណនី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋជាង១០០០នាក់ មកពីឃុំអន្លង់វិល និងសង្កាត់បន្ទាយដី នៃខេត្តពោធិ៍សាត់។
នាឱកាសនោះដែរ លោក សែម សុវណ្ណនី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា គឺបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ នៅលើចុងសន្លឹកឆ្នោត។
លោកក៏បានពាំនាំនូវសេចក្ដីនឹករលឹកសួរសុខទុក្ខ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចែកជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់។ ក៏បានរំលឹកអំពីអតីតកាល និងចំណុចថា ហេតុអ្វី បានជាបងប្អូនត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធានាការពារបាន នូវរបបរាជានិយម ដែលជាកត្ដាសំខាន់ឆ្ពោះទៅរកសុខសន្ដិភាព ដើម្បីឈានទៅរកការអភិវឌ្ឍ។
ទន្ទឹមគ្នានេះ លោក សែម សុវណ្ណនី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអណត្តិទី៧នេះ ជាបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។
លោកបានលើកឡើងថា សម្ដេចតេជោ ជាមគ្គុទេសន៍ឯកប៉ិនប្រសប់ក្នុងការដឹកនាំ កសាងប្រទេសពីបាតដៃទទេរហូតដល់មានការរីកចម្រើន សមិទ្ធផលរីកសុះសាយទូទាំងប្រទេស សេដ្ឋកិច្ចមានលំនឹងស្ថេរភាពល្អ និងរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែធួរធារឡើងៗ ដែលទាំងនេះបានមកដោយការខិតខំប្រឹងរបស់ថ្នាក់នាំប្រទេសជាតិ។
លោកសម្ដេចតេជោប្រមុខបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព ទើបមានឱកាសកសាងប្រទេសឱ្យរីកចម្រើនឡើង ដូច្នេះសូមដឹងគុណដល់សម្ដេចតេជោ ដូចពាក្យចាស់ពោលថា «ផឹកទឹកឱ្យនឹកប្រភព ជ្រកក្រោមម្លប់ឱ្យនឹកអ្នកដាំ»។ ជាកូនទេវតា ជាកូនសន្តិភាព ជាកូន ៧មករា ត្រូវតែបន្តកសាងសន្តិភាព កសាងជាតិឱ្យរុងរឿង លូតលាស់ទៅមុខ និងធ្វើឱ្យជីវភាពពលរដ្ឋកាន់តែធូរធារឡើងៗ។ ដូច្នេះសូមរួមគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិយើងមានសុខសន្តិភាព មានការរីកចម្រើនទៅមុខជាដរាប។
លោក សែម សុវណ្ណនី បានលើកឡើងផងដែរពីចរិតក្រុមប្រឆាំង ដែលតែងធ្វើសកម្មភាពវាយប្រហារលើបក្សប្រជាជនកម្ពុជា ទោះបក្សសាងសមិទ្ធផលមហាសាល ក៏ពួកគេធ្វើជាមិនឃើញដែរ ដោយតែងតែរិះគន់មិនចេះមិនចេះហើយខុសការពិត សូម្បីតែមកជួបសំណេះសំណាលសមាជិកសមាជិកា ហើយជូនថវិការតិចតួចគ្រាន់បានចាក់សាំងទៅផ្ទះវិញ ក៏ពួកប្រឆាំងផ្កាប់មុខរិះគន់ដែរ៕