(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ។

សកម្មភាពនេះ ធ្វើឡើងតាមការអញ្ជើញរបស់ Tan Sri Dato' Sri Zamzamzairani Mohd Isa  ប្រធានធនាគារ Maybank និងជាប្រធានមូលនិធិ Maybank ។

លោកអគ្គលេខាធិការអាស៊ាន បានថ្លែងកោតសរសើរចំពោះមូលនិធិ Maybank ដែលបន្តជួយគាំទ្រដល់ការរក្សា និងលើកកម្ពស់ប្រពៃណីតម្បាញវាយនភណ្ឌរបស់តំបន់ ខណៈដែលជួយបង្កើនការប្រកបរបរចិញ្ចឹមជីវិតសម្រាប់ស្ត្រីអាស៊ាន តាមរយៈការបង្កើតសមត្ថភាព និងការផ្ទរចំណេះដឹងជាដើម។

លោកបណ្ឌិត កៅ គឹមហួន ក៏បានសំដែងការកោតសរសើរដល់ក្រុមអ្នកតម្បាញ ដែលបានប្រឹងប្រែងរៀនសូត្ររហូតបញ្ចប់ការសិក្សា ដើម្បីបង្កើនជំនាញរបស់ខ្លួន។ លោកបណ្ឌិត លើកទឹកចិត្តឱ្យមានសកម្មភាពស្រដៀងគ្នាបែបនេះទៀត ដើម្បីលើកកម្ពស់អត្តសញ្ញាណអាស៊ាន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕