(ភ្នំពេញ)៖ នៅថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,៣១៣នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន១៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានីភ្នំពេញ។ ជំនួបសំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែង ស្ថិតនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅតំបន់នោះចំនួន១៦លើករួចមកហើយ ក្នុងឆ្នាំ២០១៧, ២០១៨ និង២០២៣ ដោយមានកម្មករ កម្មការិនីចូលរួមជាង ២៤ម៉ឺននាក់។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១៧ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោនេះ ជាប្រភេទរោងចក្រកាត់ដេរទាំងអស់។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងអូស្ត្រាលី។ល។
រាជធានីភ្នំពេញ បេះដូងកម្ពុជា គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគដ៏មានសក្តានុពល ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៩ពាន់នាក់ មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១ពាន់ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យមានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់ផលិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។
ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ ១លាននាក់។
ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្តបានជោគជ័យ។
បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។
ជំនួបថ្ងៃស្អែកនេះ គឺជាជំនួបលើកទី១៧ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ១៧លើក នេះ មានកម្មករ និយោជិតសរុបប្រមាណ ៣១ម៉ឺន ៤ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន ២លើកទៀត ដែលនឹងជួបកម្មករនិយោជិតសរុបប្រមាណ ២ម៉ឺន ៥ពាន់នាក់ទៀត។
ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាលភាពដល់កម្មការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។
ឧស្សាហកម្មកាត់ដេរ គឺជាចំណែកមួយដ៏សំខាន់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារជូនប្រជាពលរដ្ឋ។ ក្រោមគោលនយោបាយប្រកបដោយសក្តានុពលរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យឧស្សាហកម្មកាត់ដេរមានកំណើនជាបន្តបន្ទាប់។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរនៅកម្ពុជា មានចំនួនត្រឹមតែ៦៤ មានកម្មករ និយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួនប្រមាណ ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។
នៅឆ្នាំ២០២៣ រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ បានកើនដល់ចំនួន១,៣២៦ មានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់)។ ការនាំចេញមានរហូតដល់ទៅ ១៣ពាន់លានដុល្លារអាមេរិក។ តាមរយៈការងារក្នុងវិស័យកាត់ដេរនេះ បានធ្វើឱ្យប្រជាពលរដ្ឋធានាបាននូវប្រាក់ចំណូលប្រចាំខែ និងមានជីវភាពកាន់តែល្អប្រសើរ៕